ស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោផល កំពុងជំរុញឱ្យប្រជាជនថៃងាកមកទិញផ្ទះដែលគេប្រើប្រាស់រួចដើម្បីរស់នៅ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC​) បានឱ្យដឹងថា ការកើនឡើងតម្លៃផ្ទះ និងអត្រាការប្រាក់ គួបផ្សំនឹងការថយចុះនៃកម្លាំងទិញ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យតម្រូវការផ្ទះទី២ ឬផ្ទះដែលគេរស់នៅរួច មានការកើនឡើង។

លោក Vichai Viratkapan អគ្គនាយកស្តីទីរបស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានលើកឡើងថា ទីផ្សារផ្ទះជជុះកំពុងមើលឃើញពីកំណើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។

លោក​បន្ត​ថា “ផ្នែក​ផ្គត់ផ្គង់​កំពុង​ត្រូវ​បាន​ជំរុញ​ ដោយ​សារការ​កើនឡើង​ នៃ​ចំនួន​អចលនទ្រព្យ​លំនៅដ្ឋាន​ទី២ ដែលបន្សល់ទុកពីបណ្តាស្ថាប័ន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​នានា”។

កំណើននៃការផ្គត់ផ្គង់ នៅក្នុងទីផ្សារអចលនទ្រព្យ ដែលប្រើប្រាស់រួចឬផ្ទះទី២ ក៏កើតចេញពីខុនដូ ដែលប្រើប្រាស់រួចដោយអ្នកទិញដើម្បីវិនិយោគ ដែលពេលនេះពួកគេមានបំណងបង្វែរ ទៅធ្វើពិពិធកម្ម ក្នុងប្រភេទទ្រព្យសកម្មផ្សេងទៀត។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់ និងតម្លៃសំណង់សម្រាប់សាងសង់ផ្ទះថ្មី បានកាត់បន្ថយតម្រូវការ និងអំណាចនៃការទិញលំនៅដ្ឋានថ្មីៗ។

លោក Vichai បានបញ្ជាក់ថា “ជាលទ្ធផល អចលនទ្រព្យប្រើប្រាស់រួច គឺជាជម្រើសដ៏ល្អបំផុត”។លោក Vichai បានបន្ថែមថា “ផ្ទះប្រើប្រាស់រួច គឺជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នកទិញ ដែលចង់បានតម្លៃសមរម្យ នៅក្នុងទីតាំងងាយស្រួល ជាពិសេស ស្របពេលដែលការផ្គត់ផ្គង់ថ្មី ត្រូវបានផ្តល់ជូនក្នុងតម្លៃកាន់តែខ្ពស់ជាងមុន”។

ក្នុងអំឡុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៣ សមាមាត្រនៃខុនដូជជុះ ដែលត្រូវបានផ្ទេរទៅឱ្យអតិថិជនបរទេស បានកើនឡើងដល់៤០% បើធៀបនឹង៣៧% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here