ច្បាប់វិនិយោគថ្មីកំណត់ត្រឹម២០ថ្ងៃ អាជ្ញាធរត្រូវចេញវិញ្ញាបនបត្រផ្តល់ភ្លើងខៀវសំណើវិនិយោគ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ច្បាប់​វិនិយោគ​ថ្មី​ដែល​រដ្ឋាភិបាល ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០២១ បាន​កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជូន ​ដល់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ ​គម្រោង​វិនិយោគ​មិន​ឲ្យ​លើស​ពី២០​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ។

មាត្រា១២ នៃ​ច្បាប់​វិនិយោគ​នេះបាន​កំណត់​ថា “ប្រសិន​បើ​គម្រោង​វិនិយោគ​ស្នើសុំ​មិន​ស្ថិត ​ក្នុង​បញ្ជី​អវិជ្ជមាន​ដែល​ត្រូវ​កំណត់​ដោយឡែក​ក្នុង​អនុក្រឹត្យ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ​ត្រូវ​ចេញ​វិញ្ញាប​នបត្រ​ចុះបញ្ជី​ ជូន​អ្នក​ដាក់ពាក្យស្នើ​​សុំ ​ក្នុង​អំឡុង​ពេល​មិន​លើស​ពី ២០ ​(ម្ភៃ)​ថ្ងៃ​នៃ​ថ្ងៃធ្វើការ។

វិញ្ញាបនបត្រចុះបញ្ជី​ មានភ្ជាប់នូវបារកូដ​ដែលមានលេខសម្គាល់ ឬឃ្យូអរ​កូដ ឬ​ប្រព័ន្ធបច្ចេកវិទ្យាដទៃ​ទៀត ដែលផ្ទុកទិន្នន័យ​បឋមមួយចំនួន​ពាក់ព័ន្ធ ​នឹងគម្រោង​វិនិយោគ​ដែលចុះបញ្ជី​ ដើម្បីជា​ប្រ​យោជន៍​ ដល់ការចុះបញ្ជី​ពាក់ព័ន្ធនានា និងសម្រាប់ការអនុវត្តគម្រោងវិនិយោគ។

ក្រោយ​គម្រោង​ស្នើ​សុំ​វិនិយោគ ​ទទួលបានវិ​ញ្ញាបនបត្រ​ចុះបញ្ជី ​អាច​ចាប់ផ្តើម​អនុវត្ត​ដោយ​ស្វ័យប្រវត្តិ​។ នេះបើតាម​មាត្រា ១៣ នៃ​ច្បាប់​វិនិយោគ​ថ្មី។

យ៉ាងណា​ម៉ិញ ទោះបី​ជា​ផុត​រយៈពេល ២០ (ម្ភៃ) ថ្ងៃ​នៃ​ថ្ងៃធ្វើការ​ ​ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព​មាន​សមត្ថកិច្ច ត្រូវតែ​ផ្ដល់ការ​យល់ព្រមការអនុញ្ញាត អាជ្ញាបណ្ណ តាមការកំណត់ដោយច្បាប់​និងលិខិតបទដ្ឋាន​គតិយុត្តជា​ធរមាន។

ការយឺតយ៉ាវ ក្នុង​ការចេញលិខិតអនុញ្ញាតនានាពីក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ និង​អង្គភាព​មាន​សមត្ថកិច្ចដោយគ្មាន​មូលហេតុសមរម្យ មិនត្រូវជាកម្មវត្ថុនៃ​ការរាំងស្ទះ ដល់​ដំណើរការ​អនុវត្តគម្រោងវិនិយោគនោះឡើយ។

កាលបរិច្ឆេទ​នៃការចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជីជូន​អ្នកដាក់ពាក្យ​សុំគឺជា​កាលបរិច្ឆេទ ​នៃការ​ចាប់ផ្តើម​អនុវត្ត​គម្រោង។ អនុលោមទៅតាមលក្ខខណ្ឌ​ជាក់ស្ដែង ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឬអនុគណៈកម្មការធិការ​វិនិយោគ​រាជធានី ​ខេត្ត ​មាន​សិទិ្ធ​ពន្យារពេល ឬ​បដិសេធ​ការចុះបញ្ជី​ដល់​អ្នក​ដាក់​ពាក្យសុំ ចំពោះគ្រប់សំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ ដោយ​មាន​ការ​ជូនដំណឹង​ ដល់​អ្នកដាក់​ពាក្យ​សុំជា​លាយ​លក្ខណ៍អក្សរ ដោយ​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់ ក្រោម​ហេតុផល​ណាមួយ​ដូចជា ទី១- សំណើសុំចុះបញ្ជីគម្រោងវិនិយោគ​មិនអនុលោម​តាម​នីតិវិធីនៃ​ការចុះបញ្ជី ព្រមទាំងច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តជាធរមាន។

ទី២- អ្នកដាក់ពាក្យសុំ​មិនបានផ្តល់ ជូននូវ​ព័ត៌មាន​គ្រប់គ្រាន់ ដែល​តម្រូវដោយ​ច្បាប់ឬអនុក្រឹត្យ។ ទី៣- គម្រោងដែលបានស្នើសុំមាន​វេទយិតភាព​ខ្ពស់ ដែលតម្រូវឱ្យមាន​ការសុំ​យោបល់ ​សម្រេច​ជាមុន​ពី​កិច្ច​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល។

ការជូនដំណឹងអំពីការពន្យាពេល ការចុះបញ្ជី​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់នូវចំណុចឬអំពី​លក្ខខណ្ឌ និង​អំពី​ថេរវេលា​សម្រាប់អ្នកដាក់ពាក្យ​សុំត្រូវកែ​តម្រូវ​ឬ​បំពេញ។

ការ​ទទួល​បានវិញ្ញាបនបត្រ​ចុះបញ្ជី​ ក៏​មិនមែន​ជា​ការ​លើក​លែង​ឱ្យ​គម្រោង​វិនិយោគ​ រួច​ផុត​ពី​ការ​ទទួល​​​លិខិត​អនុញ្ញាត​ អាជ្ញាបណ្ណ ឬ​បញ្ចិកា​នានា ដែល​តម្រូវ​ដោយ​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ និង​អង្គភាព ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាននោះដែរ។

ជាមួយគ្នានេះ ដើម្បីធានា​នូវអនុលោមភាព​គតិយុត្ត ​និង​លក្ខ​ខណ្ឌ​នានា​ ដែល​ជា​មូលហេតុ​នៃការទទួល ​បានវិញ្ញាបនបត្រចុះបញ្ជី រាល់​គម្រោង​វិនិយោគ​ ត្រូវជា​កម្មវត្ថុ​នៃ​ការ​តាមដានជាប្រចាំ។

អ្នកអនុវត្ត​ន៍តម្រោងវិនិយោគ ត្រូវផ្តល់​របាយការណ៍​ស្តីពីការអនុវត្តគម្រោង​វិនិយោគ ទៅតាម​កាលវិភាគ​ជាក់លាក់​។ ការផ្តល់​របាយការណ៍​ស្តីពីការ​អនុវត្តគម្រោង​វិនិយោគ ពុំ​មែន​ជាមូលដ្ឋាន​នៃ​ការ​រួចផុតពី​ការពិនិត្យ អនុលោម​ភាព​ក្នុងការ​អនុវត្ត​គម្រោង ​នៅនឹង​កន្លែង​អនុវត្តគម្រោងទេ ប្រសិន​បើ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​សន្មត​ថា ​មាន​ភាព​ចាំបាច់ ​ឬ​ប្រសិនបើមាន​ការតវ៉ា​ណាមួយ​ ពីបុគ្គល​ដែលអះអាងថា​បាន​ទទួលរងនូវ​ផលប៉ះពាល់​ ពី​ការ​អនុវត្ត​គម្រោង​វិនិយោគ។

ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​អនុគណៈកម្មការធិការ​វិនិយោគ​រាជធានី​ខេត្ត ​មានកាតព្វកិច្ច​ចុះពិនិត្យ ​ការអនុវត្ត​គម្រោង​វិនិយោគ ដើម្បីពិនិត្យ​អនុលោមភាព​គតិយុត្ត និង​ការអនុវត្ត​កាតព្វកិច្ចនានា ដែល​ជា​លក្ខខណ្ឌ នៃ​ការទទួលបានវិញ្ញាបនបត្រ​ចុះបញ្ជី។

ការចុះពិនិត្យការអនុវត្ត គម្រោងវិនិយោគជាក់ស្ដែង ត្រូវធ្វើឡើង​ជាទៀងទាត់ឬ​តាមការចាំបាច់ ដោយ​មាន​ការជូនដំណឹង​ជាមុន​ទៅបុគ្គលពាក់ព័ន្ធ​ នឹងការអនុវត្តគម្រោងវិនិយោគ លើកលែង​តែក្នុង​ករណី​សង្ស័យ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាព​ពាក់ព័ន្ធ​អាចចុះត្រួតពិនិត្យ ​ដោយ​មិន​ចាំបាច់​ជូនដំណឹងជាមុន។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ក.អ.ក.) ជា​ស្ថាប័ន​ប្រតិបត្តិ​បំពេញ​មុខងារ​ជា​សេនាធិការ ​និង​ជា​ច្រកចេញ​ចូល​តែមួយ ​លើ​បេសកកម្ម​ដឹកនាំ​ និង​គ្រប់គ្រង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ការវិនិយោគ​ឯកជន និង​តំបន់​សេដ្ឋកិច្ចពិសេស។

ដើម្បី​បង្កើន​ប្រសិទ្ធភាព ​ក្នុង​ការ​ផ្តល់​សេវា​ជូន​វិនិយោគិន​លើ​សំណើ​វិនិយោគ រដ្ឋាភិបាល​ក៏​បាន​ធ្វើ​ប្រតិភូកម្ម ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី​ ខេត្ត ​តាម​រយៈ​អនុ​គណៈកម្មាធិការ​វិនិយោគ ​រាជធានី ​ខេត្ត​ក្នុង​ការ​ផ្តល់​សិទ្ធិ​អំណាច​ លើ​​ការ​សម្រេចអនុញ្ញាតិ​​ គម្រោង​វិនិយោគ​​ជាក់លាក់​ណាមួយ ​ដែល​ត្រូវ​កំណត់​តាម​អនុក្រឹត្យ​ដាច់​ដោយ​ឡែក​។

ក្រៅ​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និង​អនុគណៈកម្មាធិការ​វិនិយោគរាជធានី​ខេត្ត សំណើ​សុំចុះបញ្ជី​គម្រោង​វិនិយោគ ​ក៏​អាច​ធ្វើឡើង​តាម​រយៈ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន (CAM DX)​៕

LEAVE A REPLY

Please enter your comment!
Please enter your name here