ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា អាផាតម៉ិនថ្មីនៅទីក្រុងតូក្យូ មានតម្លៃជាមធ្យមលើសពី១០០លានយ៉េនក្នុងឆ្នាំ២០២៣ ជាលើកដំបូងដែលមិនធ្លាប់មាន។
តម្លៃអាផាតម៉ិនថ្មីៗនៅទីក្រុងតូក្យូ ត្រូវបានជំរុញ ដោយការកើនឡើងនៃថ្លៃពលកម្ម និងសំណង់ ព្រមទាំងលំហូរនៃអ្នកវិនិយោគបរទេស ស្របពេលដែលប្រាក់យ៉េនកំពុងដាំក្បាលចុះ។
យោងតាមវិទ្យាស្ថានសេដ្ឋកិច្ច អចលនទ្រព្យបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃអាផាតម៉ិនជាមធ្យម ដែលទើបសាងសង់ថ្មី នៅក្នុងរដ្ឋធានីតូក្យូ បានកើនឡើង៣៩,៤ភាគរយ ធៀបនឹងឆ្នាំ២០២២ ដល់១១៤,៨លានយ៉េន (៧៧៨.០៤១ដុល្លារ) ក្នុងឆ្នាំ២០២៣។តម្លៃអាផាតម៉ិនចំនួន១១៤,៨លានយ៉េន មានន័យថា អាផាត ម៉ិននៅទីក្រុងតូក្យូឥឡូវនេះ មានតម្លៃប្រហែល២៥ដងនៃប្រាក់ខែទូទាំងប្រទេស ជាមធ្យមចំនួន៤,៦លានយ៉េន (៣១.១៧៥,៨៧ដុល្លារ)។
បន្ទាប់ពីជួបប្រទះបញ្ហាបរិត្តផរណារាប់ទសវត្សរ៍ និងកំណើនសេដ្ឋកិច្ចនៅទ្រឹង នៅពេលនេះប្រទេសជប៉ុន កំពុងស្គាល់នូវការរីកចម្រើននៃការវិនិយោគ ទាំងក្នុងវិស័យអចលនទ្រព្យ និងទីផ្សារភាគហ៊ុន។
បន្ថែមពីលើកត្តាអត្រាការប្រាក់ទាប ការកើនឡើងនៃតម្លៃអាផាតម៉ិននៅតូក្យូ កំពុងត្រូវបានជំរុញកត្តាផ្សេងទៀត ដូចជា អតិថិជនបរទេស ដែលឆ្លៀតទាញយកអត្ថប្រយោជន៍ ពីការដាំក្បាលចុះនៃប្រាក់យ៉េន និងក្រុមហ៊ុនបរទេស ដែលចង់ផ្លាស់ប្តូរការវិនិយោគចេញពីប្រទេសចិន ចូលមកកាន់ប្រទេសជប៉ុន។
ក្នុងឆ្នាំ២០២៣ អាផាតម៉ិន ដែលមានតម្លៃជាង១០០លានយ៉េនចំនួន៤.០០០យូនីត នៅតំបន់ទីក្រុងតូក្យូត្រូវបានផ្តល់ជូន ដែលក្នុងនោះ អគារអាផាតម៉ិន Mita Garden Hills នៅកណ្តាលទីក្រុងតូក្យូ ត្រូវបានដាក់លក់ ក្នុងតម្លៃ៤,៥ពាន់លានយ៉េនក្នុង១យូនីត ដែលមានទំហំ៣៧៦,៥ម៉ែត្រការ៉េ៕