ដោយ គង់ សូរិយា
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចជ្រើសរើសយកឆ្នេរឯករាជ្យ សំរាប់រៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ ដែលមិនធ្លាប់មាននៅកម្ពុជា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៩ ខាងមុខនេះ។

ការរៀបចំ «សង្ក្រាន្តសមុទ្រ» នេះ ក្រោមគំនិតផ្តួចផ្តើមរបស់អាជ្ញាធរខេត្តព្រះសីហនុ និងសហការរៀបចំជាមួយក្រុមហ៊ុន Blue Media Cambodia។ ព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ១៤ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជាមួយនឹងការតាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ដោយមានការរៀបចំស្តង់ផលិតផលក្នុងស្រុក ស្តង់ម្ហូបអាហារ និងស្តង់ទេសចរណ៍ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍនានារបស់ខេត្តព្រះសីហនុផងដែរ។
-->
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុក្រឹតគ្រឹះស្នាបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៥ កុម្ភៈម្សិលម៉ិញនេះថា ព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ នឹងមានរៀបចំពិធីសាសនា និងវប្បធម៌នានា និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងធម៌ទេសនា រាប់បាត្រដោយព្រះសង្ឃជាច្រើនរយអង្គ តាមប្រពៃណីព្រះពុទ្ធសាសនា ការទទួលទេវតា និងការបង្ហោះគោមជាដើម។ នៅក្នុងព្រឹត្តិការណ៍ សង្ក្រាន្តសមុទ្រនេះ នឹងមានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយប្លែកៗ ជាច្រើនខុសពីព្រឹត្តិការណ៍ដទៃ ជាមួយនឹងគំនិតច្នៃប្រឌិតយ៉ាងស្រស់ស្អាត ផ្សារភ្ជាប់នឹងការបង្ហាញសក្តានុពល របស់ខេត្តព្រះសីហនុ ក្នុងនោះខ្លោងទ្វារមានការរៀបចំតុបតែងជាមួយនឹងរូបបង្កងដ៏ធំ។
លោកបន្ថែមថា “ព្រឹត្តិការណ៍នេះនឹងរៀបចំកម្មវិធីកម្សាន្តចំរុះ មានដូចជា ការប្រគុំតន្ត្រីសម័យដ៏ធំដែលមានការចូលរួមពីតារាល្បីៗ ក៏ដូចជា ការបង្ហាញនូវផ្ទំាងទស្សនីយភាពវប្បធម៌ ដែលមានការសម្តែងរួមគ្នា រវាងសិល្បៈករបុរាណ និងសម័យ”។
លោកតាំង សុក្រឹតគ្រឹះស្នាបានបន្តថា សកម្មភាពលេងកម្សាន្តនៅលើឆ្នេរខ្សាច់នឹងមានការសម្តែងសៀក ការលេងល្បែងប្រជាប្រិយខ្មែរដ៏ពេញនិយមដូចជាបោះឈូង វាយក្អម ទាញព្រ័ត ឡើងសសរខ្លាញ់ លោតអន្ទាក់ភ្លើង លេងពង្រាត់ទីលើឆ្នេរខ្សាច់ និងលាក់កន្សែងជាដើម។
មិនតែប៉ុណ្ណោះនៅតាមឆ្នេរ និងនៅចន្លោះស្តង់ពិព័រណ៍នីមួយៗ មានល្បែងកម្សាន្តប្លែកៗជាច្រើនទៀតដូចជា ការដើរលើស្បែកជើងក្តារជាក្រុម ការបោះបាល់ឱ្យចំគោលដៅ ការបង្វិលកងភ្លើង ការជះទឹកក្រអូប ស្តង់គូរមុខ ការឈរទ្រឹងរបស់បងមាស និងកញ្ញាប្រាក់ ការដើរបង្ហាញរាងពីសំណាក់បងអ៊ូក អូនម៉ាប់ ឆៃយ៉ាំ នាងមច្ឆា យក្សខ្មែរ ស្តេចល្ខោន ការលេងតន្ត្រីទោល និងសកម្មភាពកំសាន្តផ្សេងទៀតសរុបជិត៥០មុខនៅលើឆ្នេរខ្សាច់។

លោកបញ្ជាក់ថា អាជ្ញាធរខេត្ត បាននិងកំពុងចាត់ចែងរៀបចំទីតាំង ផ្លូវចេញ-ចូលមានលក្ខណៈធំទូលាយ មានរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ កម្លាំងសន្តិសុខការពារប្រចាំការរយៈពេល៣ថ្ងៃនោះ ធ្វើយ៉ាងណាបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយប្រកបដោយសុវត្ថិភាព ត្រលប់ទៅវិញជាមួយអនុស្សាវរីយ៍ល្អៗ និងស្នាមញញឹម៕