Hattha top Banner

តម្លៃទីផ្សាររបស់ក្រុមហ៊ុនលំដាប់យក្សMeta ហក់ឡើងលើស១ទ្រីលានដុល្លារអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនយក្ស Meta បានកើនឡើងលើសពី១ទ្រីលានដុល្លារអាមេរិក កាលពីថ្ងៃពុធម្សិលមិញ ដោយភាគហ៊ុន បានងើបឡើងថ្លៃជាង១%នៅពេលបិទជួញដូរ។

ការជួញដូរចុងក្រោយរបស់ក្រុមហ៊ុននេះ ត្រូវបានជួញដូរក្នុងតម្លៃ៣៩០ដុល្លារ ក្នុងមួយហ៊ុន។
តម្លៃទីផ្សាររបស់ក្រុមហ៊ុនយក្ស Meta បានហក់ឡើងលើសពី១ទ្រីលានដុល្លារ ជាលើកចុងក្រោយបំផុតគឺនៅឆ្នាំ២០២១ ដែលនៅពេលនោះ ក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជា Facebook នៅឡើយ​។នៅខែកញ្ញា ឆ្នាំ២០២១ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Meta បានឈានដល់១,១ទ្រីលានដុល្លារ។

ការហក់ឡើងថ្លៃ នៃភាគហ៊ុនរបស់ក្រុមហ៊ុនMeta បានកើតមានឡើង បន្ទាប់វាបានហក់ឡើងថ្លៃជិត២០០% កាលពីឆ្នាំ២០២៣ ដែលនៅពេលនោះ.លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានចាត់វិធានការកាត់បន្ថយការចំណាយ ដោយជម្រុះបុគ្គលិកជាង២ម៉ឺននាក់។

លោកមហាសេដ្ឋី Mark Zuckerberg បានចាត់ទុកឆ្នាំ២០២៣ ថាជា “ឆ្នាំនៃប្រសិទ្ធភាព” បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល៦ឆ្នាំក្នុងឆ្នាំ២០២២​។

យោងតាមសារពត៌មាន CNBC បានចុះផ្សាយថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានហក់ឡើងដល់កម្រិតកំពូល ប្រហែល៣៩៦ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃពុធ ទី២៤ ខែមករា។

ម្ចាស់ភាគហ៊ុនបានបង្ហាញសុទិដ្ឋិនិយម លើក្រុមហ៊ុន Meta ខណៈដែលក្រុមហ៊ុនយក្សមួយនេះ កំពុងខិតខំពង្រឹងជំហររបស់ខ្លួន ជាក្រុមហ៊ុនដែលមានឥទ្ធិពល និងជោគជ័យខ្លាំង លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ចំណែកឯ តម្លៃមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Microsoft បានហក់ឡើងលើសពី៣ទ្រីលានដុល្លារ បន្ទាប់ពីវ៉ាដាច់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនសាធារណៈ ដ៏មានតម្លៃថ្លៃបំផុតរបស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here