Hattha top Banner

ដំណឹងល្អៈស្ពានអាកាសព្រះមុនីវង្សថ្មី ប្តូរជា”ស្ពានអាកាសមរតកតេជោ”នឹងតភ្ជាប់ដំណាក់កាលទី១នៅថ្ងៃនេះ

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោកឃួង ស្រេង អភិបាល​​រាជធានី​ភ្នំពេញនឹង​អញ្ជើញ​ជា​គណៈអធិបតី ​ក្នុង​ពិធី​ភ្ជាប់​ស្ពាន​អាកាស​ ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​ មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១)​។

ក្នុងដំណាក់កាលភ្ជាប់នេះ ស្ពានអាកាសព្រះមុនីវង្សថ្មី ត្រូវបាន​ប្តូរឈ្មោះជា “ស្ពានអាកាសមរតកតេជោ”។ ក្នុង​ដំណាក់កាល​ទី​១ ការ​សាងសង់​ស្ពាន​អាកាសតេជោ (​ស្ពាន​អាកាស​ជាន់​ទី​២) នៅចំណុច​ច្រមុះជ្រូកក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ មកដល់ពេលនេះ ​សាងសង់​បាន​សម្រេច​ប្រមាណ៨០% ហើយ​តាម​ផែនការ​ គ្រោង​នឹង​ត្រូវ​បញ្ចប់ ​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ ចំណែក​ដំណាក់កាល​ទី​២ គ្រោង​នឹង​បញ្ចប់​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥​។

ស្ពានអាកាសតេជោ ជាស្ពានអាកាសទី៨ នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា(OCIC) នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន ( ផ្លូវ ៦០ម៉ែត្រ បឹងទំពុន ) មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។

ស្ពានអាកាសនេះ គ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។គម្រោងស្ពានអាកាសតេជោ នៅច្រមុះជ្រូកក្បាលថ្នល់នេះ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។

បន្ទាប់មក សាងសង់ស្ពានអាកាសចំនួនពីរជាន់ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។

ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ​គិតមកដល់ខែមករា ឆ្នាំ២០២៤នេះ កម្ពុជាមានស្ពានអាកាសចំនួន៧រួចហើយ រួមមាន ១-ស្ពានអាកាសក្បាលថ្នល់ ២-ស្ពានអាកាស៧មករា ៣-ស្ពានអាកាសស្ទឹងមានជ័យ ៤​-ស្ពានអាកាស ៥មករា ៥-ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ៦-ស្ពានអាកាសចោមចៅ និង៧-ស្ពានអាកាសឫស្សីកែវ លើផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here