ដោយៈ ជេស៊ីកា
ព្រះសីហនុៈ បណ្តាសហគ្រិន ឬអ្នកធុរកិច្ចជាតិ អន្តរជាតិជាច្រើនកំពុងរង់ចាំដំណឹងល្អ ដែលនឹងប្រកាសដាក់ចេញដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ មករាខាងមុខនេះ។
សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកពេលប្រកាសគោលនយោបាយថ្មី ក្នុងការចាប់ផ្តើមគោលនយោបាយថ្មី ដើម្បីជម្រុញនិងលើកកំពស់សេដ្ឋកិច្ចខេត្តព្រះសីហនុឡើងវិញ តាមរយៈការធ្វើយ៉ាងណាឲ្យអាគារ ដែលសាងសង់ចប់ជាង២០០អាគារ មានសកម្មភាពរសរវើកឡើងវិញ ហើយអាគារមិនទាន់បញ្ចប់ ការសាងសង់ជាង៣០០នឹងដំណើរការសាងសង់បញ្ចប់នាពេលខាងមុខ។
សហគ្រិន និងម្ចាស់អាគារជាប់គាំងជាច្រើន បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា នឹងមានដំណឹងល្អ ជាពិសេសម្រាប់ខេត្តព្រះសីហនុ តាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ឋ រវាងរដ្ឋាភិបាលកម្ពុជា ចិន ដែលបានដាក់ចេញគោលនយោបាយថ្មី ក្នុងការលើកកំពស់ការវិនិយោគនៅក្រុងព្រះសីហនុ ក៏ដូចជាកម្ពុជាទាំងមូល។
ប្រភពដដែលបានបញ្ជាក់ថា “អ្នកវិនិយោគចិនជាច្រើន នឹងត្រលប់មកកម្ពុជាវិញ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិននាពេលខាងមុខ”។
ព័ត៌មាននេះ កើតមានស្របគ្នា នឹងការលើកឡើងរបស់លោកហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិន ក៏ដូចជា អ្នកវិនិយោគមកពីប្រទេសជាច្រើនទៀត នឹងចូលមកវិនិយោគនៅកម្ពុជាច្រើន នាក្រោយពិធីបុណ្យចូលឆ្នាំចិនងដែរ។






