Hattha top Banner

ការសាងសង់កំពង់ផែកោះទន្សាយជំហានទី២សម្រេចបាន ជាង៧០ភាគរយហើយ

0

ដោយៈ គង់ ហ្វីអូណា

 ខេត្តកែបៈ អភិបាលរង​ខេត្ត​កែប លោកវ៉ៅ សុខាបានបញ្ជាក់​ថា គម្រោង​សាងសង់ “កំពង់ផែ​ទេសចរណ៍​កោះទន្សាយ” ជា​ជំហាន​ទី ២ បើ​គិត​មកដល់ពេលនេះ សម្រេច​ការ​សាងសង់​បាន​ប្រមាណ​ជាង ៧០ ភាគរយ​ហើយ។

តាមផែនការកំពង់ផែនេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។ការ​បញ្ជាក់​បែបនេះ ក្នុង​ឱកាស លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែបបាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​លើ​កោះទន្សាយ ស្ថិត​ក្នុង​ក្រុងកែប ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៤កន្លងមកនេះ។

អភិបាលរង​ខេត្ត​កែបរូបនេះបាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ជំហាន​ទី២ រួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដូចជា ការ​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ៨៥០ ម៉ែត្រ ទីតាំង​អាង​ស្តុក​ទឹក​ចំណុះ៥០ម៉ែត្រ​គូប ចំនួន១ អណ្ដូង​ស្នប់​ចំនួន២ និង​ការ​បំពាក់​ម៉ាស៊ីនភ្លើង១០០kvaចំនួន៣គ្រឿង គឺជា​កម្ចី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដើម្បី​បម្រើ​ដល់​ប្រជា​សហគមន៍​លើ​កោះទន្សាយ។

​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ជំហាន​ទី២នេះ មាន​គម្រោង​សាងសង់​ផ្លូវ​ចាក់​កៅស៊ូ ​ប្រប​មាត់​សមុទ្រ​ប្រវែង​ជាង១២គីឡូម៉ែត្រ (១២,៧៥០ម៉ែត្រ) តភ្ជាប់ចាប់​ពី​ចំណុច​កំពង់ផែ​ទេសចរណ៍​កោះទន្សាយ (ក្រុងកែប​) ទៅ​ភ្ជាប់​នឹង​ផ្លូវ​លេខ១៣៣២ ត្រង់​ចំណុច​ខ្លោងទ្វារ​វត្ត​អង្កោល ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។

ផ្លូវប្របមាត់សមុទ្រ​នេះ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ ២០២២ ក្រោម​កម្ចី​ឥណទាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លើ​គម្រោង​ទឹក​ប្រាក់​ចំនួនជាង១០,៥លានដុល្លារអាមេរិក។

បន្ថែម​នេះ ក្រៅពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​កំពង់ផែ​ទេស​ចរណ៍​កោះទន្សាយ ផ្លូវ​ប្រប​មាត់​សមុទ្រ ចាប់ពី​ចំណុច​កំពង់ផែ​កោះទន្សា​យ​ទេសចរណ៍​នៅ​ក្នុង​ក្រុងកែប ទៅ​ឆ្នេរ​អង្កោល ដែល​មាន​ប្រវែង​ប្រមាណ​១២គីឡូម៉ែត្រ និង​បំបែក​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ១៣-៣២ (១២៧៥០ ម៉ែត្រ) គឺ​នៅ​មាន​ទីលាន​ចាក់សំរាម និង​អាងប្រព្រឹត្តិកម្មទឹក​កខ្វក់​ផង ជា​កម្ចី​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB៕

LEAVE A REPLY

Please enter your comment!
Please enter your name here