Hattha top Banner

ស្ថាប័ន២ប្រកាសដាក់ដំណើរការសាកល្បងកម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ STC Vendors

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ កាលពីមុនសប្តាហ៍មុន ហេង សុខចំរើន អនុរដ្ឋលេខា​ធិការក្រសួងទេសចរណ៍ និងលោកយុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញប្រកាសដាក់ដំណើរការសាកល្បង កម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ មានឈ្មោះថា STC Vendors។

កម្មវិធីនេះ ជាគំនិតផ្តួចផ្ដើម ដោយសមាគមក្លឹបទេសចរណ៍សៀមរាប និងដៃគូរអភិវឌ្ឍរបស់ខ្លួន ធនាគារស្ថាបនា។យោងតាមការបង្ហាញពីលោក ហ៊្វីលីព សែតកៅ ប្រធានសមា​គមក្លឹបទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា STC Vendors មិនត្រឹមជាកន្លែងលក់ សេវាកម្ម និងផលិតផលទេសចរណ៍ប៉ុណ្ណោះទេ វាក៏ជាថ្នាលឌីជីថល សម្រាប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជន ក្នុងការផ្សព្វផ្សាយពត៌មានទេសចរណ៍ ទៅកាន់អ្នកប្រើប្រាស់ផងដែរ។

លោកយុន លីនណេ  បានបង្ហាញពីការគាំទ្រលើថ្នាលឌីជីថលនេះ និងសង្ឍឹមថា យន្តការមួយនេះ នឹងផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការទាញយកពត៌មានពីទិសដៅទេសចរណ៍ ដើម្បីរៀបចំផែនការមកទស្សនា ខេត្តសៀមរាប ប្រកប​ដោយភាពសប្បាយរីករាយ។

លោកបន្តថា ស្របពេលជាមួយនេះ អាជ្ញាធរខេត្ត បាននិងកំពុងពង្រឹង និងពង្រីក វិសាលភាពនៃការបម្រើសេវាកម្ម ទេសចរណ៍ខេត្ត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អសោភ័ណភាពក្នុងក្រុង ឱ្យកាន់តែមានភាពស្អាតស្រស់បំព្រង។

ក្នុងនាមតំណាងលោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហេង សុខចំរើន បានចាត់ទុកការបង្កើតកម្មវិធីប្រើលើទូរស័ព្ទដៃនេះ គឺជាការចូលរួមរបស់វិស័យឯកជន ជាមួយរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ វាក៏ជាតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទាមទារសេវាកម្មដែលមានស្តង់ដារ លឿន ជាក់លាក់ ប្រកបដោយសុវត្ថិភាពខ្ពស់។

លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានបង្ហាញពីគោលបំណង និងចក្ខុវិស័យស្របគ្នារវាងវិស័យឯកជន និងក្រសួងទេសចរណ៍ ក្នុងការពង្រឹងសមត្ថភាព លើការគ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់វិស័យទេសចរណ៍ឱ្យដល់កម្រិត​អតិបរមា ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ អាជីវករគ្រប់ខ្នាតចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here