ដោយៈ គង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានព្យាករណ៍ថា វិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តមានកំណើនទាប បើទោះជាមានតម្រូវការលំនៅដ្ឋានតម្លៃសមរម្យក្នុងស្រុក ប៉ុន្តែសម្រាប់លំនៅដ្ឋានប្រណីតនឹងបន្តមានភាពទន់ខ្សោយ។
នេះបើយោងតាមរបាយការណ៍ វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទាន សម្រាប់ការប្រើប្រាស់ និងការវិនិយោគ និងកំណើននៃវិស័យសំណង់ និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពល បន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារជាដើម។
-->
អ្នកជំនាញមើលឃើញថា នៅក្នុងឆ្នាំ ២០២៤នេះ វិស័យអចលទ្រព្យ និងសំណង់ នឹងបន្តងើបឡើងយឺត ជាពិសេសវិស័យសំណង់ដែលបម្រើឲ្យវិស័យផ្សេងៗ ដោយសារការំពឹងទុកកំណើនសេដ្ឋកិច្ចក្នុងស្រុក និងលំហូរទុនវិនិយោគពីរទេស។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀបបានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យអចលនទ្រព្យ និងសំណង់ក្នុងឆ្នាំ ២០២៤នេះ អាចនៅមានភាពស្រពិចស្រពិល ប៉ុន្តែទោះយ៉ាងណាវិស័យនេះ នឹងបន្តងើបឡើងយឺត ដោយសារការំពឹងទុកកំណើនសេដ្ឋកិច្ចក្នុងស្រុក និងការហូរទុនវិនិយោគពីរទេស។
លោកបន្តថា ទោះជាយ៉ាងណា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៃការបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ឲ្យកាន់តែស្អិតរមួត ក្នុងគោលដៅទាក់ទាញវិនិយោគិនឲ្យមកវិនិយោគទុនកាន់តែច្រើន ជាពិសេសការអភិវឌ្ឍន៍វិស័យអចនទ្រព្យនេះជាដើម។
លោកបានបន្ថែមថា វិស័យអចលនទ្រព្យនេះ គឺជាវិស័យមួយពឹងផ្អែកលើសេដ្ឋកិច្ចខាងក្រៅ និងសេដ្ឋកិច្ចខាងក្នុង ហើយអចលនទ្រព្យគឺវារត់តាមក្រោយនៃសេដ្ឋកិច្ចទាំងអស់ ក្នុងនោះប្រសិនសេដ្ឋកិច្ចខាងក្រៅល្អ លំហូរបរទេសនឹងអាចហូរចូលមកកម្ពុជាបន្ថែម។ ចំណែកសេដ្ឋកិច្ចខាងក្នុង ក៏ជាការរួមចំណែកយ៉ាងខ្លាំងផងដែរ ដើម្បីធ្វើឲ្យចន្តរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចយើងកាន់តែល្អ។
យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន ៣១០កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅ មានចំនួន ១.៧៧៧អគារ។ កាលពីឆ្នាំមុន រដ្ឋបាលរាជធានី បានពិនិត្យលើឯកសារ ស្នើសុំលិខិតអនុញ្ញាតសាងសង់ ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង២៦ម៉ឺនម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ ១៣២លានដុល្លាអាមេរិកបន្ថែមទៀត៕