ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាជាមួយលោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងឱកាស នៃដំណើរបំពេញបេសកកម្មរបស់លោកស្រីនៅកម្ពុជា។
ក្នុងជំនួបនោះ លោកស្រីនាយិកា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-->
ជាមួយគ្នានេះ លោកស្រីក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវឌ្ឍ នភាព និងភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋាភិបាលកម្ពុជា ដែលមានភាពមាំមួន និងយូរអង្វែង ។
លោកស្រីបានបង្ហាញជំនឿយ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះនឹងបន្ដជំរុញនូវកិច្ច សហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
លើសពីនេះ លោកស្រីនាយិកា ក៏បានលើកឡើងពីភាពប្រទាក់ក្រឡា និងស្របគ្នានៃឯកសារគោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រដ្ឋាភិបាលកម្ពុជា ជាមួយនឹងទិសដៅគោលនយោបាយ និងការងារសំខាន់ៗ របស់ធនាគារពិភពលោក ក្នុងកម្រិតសកល និងក្នុងកម្រិតប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រីMariam J. Sherman ដែលបានអញ្ជើញមកបំពេញបេសកកម្ម នៅកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលកន្លងមក។
សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការ របស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តកម្មវិធី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយធនាគារពិភពលោកសម្រាប់ ឆ្នាំ២០២៥-២០២៩។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពី ការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមៗក្នុងឆ្នាំ២០២៣ និងវិធានការចំនួន៥ សម្រាប់ដោះស្រាយ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ ការធានាកំណើនប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យរបស់កម្ពុជា នាឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។
លើសពីនេះ ភាគីទាំង២ ក៏បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងនៅក្នុងវិស័យអាទិភាពមួយចំនួន រួមមានដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕