ដោយ: គង់ លាងហួរ
ហ្សាការតា: រដ្ឋមន្ត្រីមួយរូបបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងបង្កើតមូលនិធិទេសចរណ៍មួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។
លោក Sandiaga Uno រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ឥណ្ឌូនេស៊ី បានលើកឡើងថា មូលនិធិទេសចរណ៍ ដែលគ្រោងនឹងដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០២៤ នឹងគ្រប់គ្រងមូលនិធិដំបូងចំនួន២ពាន់ពាន់លានរូពៀ (ប្រហែល១២៩,៣លានដុល្លារអាមេរិក)។
លោករដ្ឋមន្រ្តីឥណ្ឌូនេស៊ីរូបនេះបានគូសបញ្ជាក់ថា ការបង្កើតមូលនិធិខាងលើ មានគោលដៅគាំទ្រ ដល់ការផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ និងកែលម្អម៉ាកយីហោទេសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងទីផ្សារពិភពលោក។
លោកបានថា“ យើងនឹងប្រើប្រាស់មូលនិធិនេះ ដើម្បីគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដូចជាកីឡា តន្ត្រី និងសិល្បៈវប្បធម៌ ដែលនឹងប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី”។
ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ខ្នាតអន្តរជាតិចំនួន៣ ក្នុងឆ្នាំ២០២៤នេះ រួមមាន ព្រឹត្តិការណ៍ BWF Badminton World Tour-Indonesia Masters វេទិកាទឹកពិភពលោកលើកទី១០ និងព្រឹត្តិការណ៍Indonesia MotoGP នៅទីក្រុង Mandalika។
លោក Uno បានអះអាងថា របៀបវារៈទាំងនោះត្រូវបានគេរំពឹងថា នឹងជួយដល់ការស្តារឡើងវិញ នៃវិស័យទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ក្រោយការបញ្ចប់ទៅនៃជំងឺរាតត្បាតកូវីដ-១៩។
យោងតាមស្ថិតិឥណ្ឌូនេស៊ី (BPS) បានឱ្យដឹងថា គិតចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរចំនួន៩,៤៩លាននាក់ គឺខ្ពស់ជាងគោលដៅ ដែលរដ្ឋាភិបាល បានដាក់ចេញចំនួន៧,៤លាននាក់ កាលពីដើមឆ្នាំមុន៕Xinhua៕






