Hattha top Banner

តុលាការក្រុងហុងកុង បញ្ជាឱ្យរំលាយចោលក្រុមហ៊ុនអចលនទ្រព្យ Evergrande ខណៈក្រុមហ៊ុនអស់លទ្ធភាពសងបំណុល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តុលាការទីក្រុងហុងកុង បានបញ្ជាឱ្យរំលាយចោលក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande បន្ទាប់ពីក្រុមហ៊ុនមួយនេះ អស់លទ្ធភាពសងបំណុល ប្រមាណ៣០០ពាន់លានដុល្លាររបស់ខ្លួន។

ក្រុមហ៊ុន Evergrande Group ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស របស់ប្រទេសចិនដែលបានខកខានទូទាត់សងបំណុលរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។

លោកចៅក្រម Linda Chan បានមានប្រសាសន៍ថា “វាល្មមបញ្ឈប់បានហើយ ព្រោះក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande បានជួបប្រទះបញ្ហាម្តងហើយម្តងទៀត និងបានបរាជ័យក្នុងការបង្កើតផែនការដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ”។លោក Shawn Siu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Evergrande បានចាត់ទុកការសម្រេចចិត្តនេះថាជា រឿងគួរឱ្យសោកស្តាយ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការនៅក្នុងតំបន់ចិនដីគោក។

លោកបានឱ្យដឹងបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាខានៅក្នុងទីក្រុងហុងកុង របស់ក្រុមហ៊ុន Evergrande គឺមានភាពឯករាជ្យ ពីអាជីវកម្មនៅតំបន់ចិនដីគោករបស់ខ្លួន។

លោក Shiu Shawn បានឱ្យដឹងទៀតថា ការបញ្ជាឱ្យរំលាយក្រុមហ៊ុននឹងមិនជះផលប៉ះពាល់ ទៅលើគម្រោងសាងសង់ផ្ទះឡើយ ពោលគឺគម្រោងនៅតែដំណើរការធម្មតាដដែល បើទោះបីជាមានការបញ្ជាឱ្យរំលាយក្រុមហ៊ុនយ៉ាងណាក្តី។

សេចក្តីសម្រេចខាងលើ របស់តុលាការទីក្រុងហុងកុង ក៏អាចនឹងបង្កភាពច្របូកច្របល់បន្ថែមទៀត សម្រាប់ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន ស្របពេលដែលអាជ្ញាធរចិន កំពុងព្យាយាមទប់ស្កាត់ការសម្រុកលក់ភាគហ៊ុនចេញ។

ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅលើផ្សារហ៊ុនក្រុងហុងកុង បានដាំក្បាលចុះ២០% កាលពីថ្ងៃច័ន្ទ ហើយនៅពេលនេះ ភាគហ៊ុនក៏ត្រូវបានគេផ្អាក មិនឱ្យធ្វើការជួញដូរជាបណ្ដោះ អាសន្នថែមទៀតផង៕ប្រភព៖BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here