Hattha top Banner

សម្តេចធិបតីៈក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍វិនិយោគ លើវិស័យកសិកម្ម

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនបរទេសជាច្រើន ចាប់អារម្មណ៍មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម បន្ទាប់ពីសម្ដេចបានចុះបេសកម្ម នៅក្រៅប្រទេសជាច្រើន ក្នុងរយៈពេល៥ខែកន្លងមក។

ការបង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តិចទៀត មានក្រុមហ៊ុនមួយចំនួនធំៗ របស់សិង្ហបុរី ដែលផលិតខាង ផលិតផលកសិកម្ម មកទីនេះ (កម្ពុជា) ក្រោយពីជួបខ្ញុំ”។ សម្តេចបន្ថែមថា “បន្តិចទៀត ក្រុមវិនិយោគពីអាមេរិកមក ដែលត្រូវជួប មកពីជប៉ុន និងមកពីប្រទេសផ្សេងៗ ក្នុងនោះវិស័យមួយ ដែលគេចាប់អារម្មណ៍ខ្លាំង គឺជាវិស័យកសិកម្ម”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការចាប់អារម្ម​ណ៍វិនិយោគ របស់ក្រុមហ៊ុនបរទេស លើវិស័យកសិកម្មនៅកម្ពុជានេះ គឺជាឱកាសមួយ ដែលត្រូវសិក្សាឲ្យបានច្បាស់ថា ប្រទេសណាគេត្រូវការអ្វី ហើយគួរតែដាក់គោលដៅ ទៅលើអ្វីដែលគេត្រូវការនោះតែម្ដង។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលខ្លះចេញទៅបេសកម្មនៅក្រៅប្រទេស ដាក់មួយប្រទេសតែមួយផលិតផលក៏បាន ដើម្បីបើកទីផ្សារ ដោយមិនចាំបាច់យកទៅច្រើនមុខ ដែលបង្កការលំបាកដល់គេ។ ដូច្នេះត្រូវសិក្សាឲ្យច្បាស់ នូវអ្វីដែលប្រទេសនោះត្រូវការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ត្រូវនាំមុខក្នុងការទាក់ទាញ និងរៀបចំយុទ្ធសាស្ដ្រ ជាមួយអ្នកផលិត អ្នកដាំ និងអ្នកលក់ ក្នុងការរកទីផ្សារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំឲ្យក្រសួង ស្ថាប័នរដ្ឋ ត្រូវបន្តសហការគ្នាឲ្យស្អិតល្មួត ដើម្បីជំរុញការនាំចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here