Hattha top Banner

ប្រមុខរដ្ឋាភិបាលគ្រោងរៀចំតំបន់សេដ្ឋកិច្ចពិសេសបែបថ្មី

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងពិចារណា បង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគ មកពីប្រទេសតែមួយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។សម្តេចធិបតីបានបញ្ជាក់ថា “យើងបានកំពុងតែរៀបចំដាក់ឲ្យអនុវត្ដ ​និងកសាងរៀបចំនូវ​ប្រភេទ តំបន់សេដ្ឋកិច្ចពិសេស ដើម្បីបំពេ​ញបន្ថែមទៅតំបន់សេដ្ឋកិច្ចពិសេស រូបមន្ដដែលយើងមានស្រាប់”។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្ដថា តំបន់សេដ្ឋកិច្ចពិសេស ដែលយើងរៀបចំ ទៅថ្ងៃអនាគត គឺជាតំបន់សេដ្ឋកិច្ចពិសេស ដែលអាចសម្រួចទៅប្រភេទឧស្សាហកម្មណាមួយ។ យើងកំពុងតែរៀបចំ គោលនយោបាយ និងរៀបចំសាកល្បងនៅតំបន់សេដ្ឋកិច្ច សម្រាប់ទាក់ទាញការវិនិយោគ ទៅលើបច្ចេកវិទ្យាបៃតង, ឧស្សាហកម្មបៃតង និងផ្នែកឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានឲ្យដឹងទៀតថា តំបន់សេដ្ឋកិច្ចពិសេសនេះ គឺសម្រាប់តែការវិនិយោគ លើបច្ចេកវិទ្យាបៃតង ឧស្សា​ហកម្មបៃតង និងផ្នែកឌីជីថលតែប៉ុណ្ណោះ។បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាក៏កំពុងសិក្សា និងរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិនិយោគិន ពីប្រទេសមួយតែម្ដង ដែលសម្រាប់វិនិយោគ ពីប្រទេសណាមួយ តាមការជាក់ស្ដែង ដែលកម្ពុជាអាចធ្វើ។

សម្តេចធិបតីបានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ច គឺសម្រាប់គ្រប់ឧស្សាហកម្ម និងគ្រប់ប្រទេសទាំងអស់ ដូច្នេះការរៀបចំបន្ថែមនេះ ដើម្បីបំពេញបន្ថែម ដោយមិនមែនទៅជំនួស ឬក៏ប្រកួតប្រជែងនោះទេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here