Hattha top Banner

សម្តេចធិបតីៈការកាត់បន្ថយតម្លៃឡូជីស្ទិកនិងស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា

0

        ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណ​ង់នៅខេត្តព្រះសីហនុ នឹងជួយ​ដល់ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជួយគាំទ្រដល់វិស័យផ្សេងៗ និងបញ្ហានៅ​ខេត្តដទៃទៀត។​

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តន៍ “កម្មវិធីពិសេសជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតីបានថ្លែងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ​ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ​ដែលមានលក្ខណៈពហុវិស័យ ​និងជាខេត្ត​ដែលដើរតួនាទីសំខាន់ណាស់ ​ក្នុងការគាំទ្រទៅដល់ខេត្តផ្សេង។ ហេតុដូច្នេះហើយ ការពង្រឹងឡូជីស្ទីក នៅ​ក្នុងខេត្តនេះ និងការ​កាត់បន្ថយតម្លៃដឹកជញ្ជូន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន​ ​ក៏ដូចជាជួយគាំទ្រទៅដល់វិស័យកសិកម្មនៅកន្លែងផ្សេងទៀត។

សម្តេចបានគូសបញ្ជាក់ពីការជួយស្តារឡើងវិញ នូវវិស័យសំណ​ង់ឡើងវិញនៅខេត្តព្រះសីហនុ ក៏នឹងចូលរួមចំណែកគាំទ្រទៅដល់សកម្មភាពសេដ្ឋកិច្ចនៅខេត្តផ្សេងទៀត។

សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ថា “អ៊ីចឹងគ្រាប់កាំភ្លើងធំយើងមានតិច យើងត្រូវបាញ់ឱ្យចំគោលដៅ នៅណាមុន នៅណាក្រោយ”។ សម្តេចបន្ថែមថា “អ៊ីចឹងបានឆ្នាំ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនៅក្នុងវិស័យសំខាន់ដែលពាក់ព័ន្ធនឹងសក្តានុពលនេះ ដើម្បីធ្វើយ៉ាងណាជំរុញ ពន្លឿននៃការវិវត្តកន្លែងនេះ ដើម្បីអាចជាប៉ូលមួយអាចយោងឡើងខ្ពស់ អាចទាញការវិវត្តទូទាំងប្រទេស”។

ដោយសារខេត្តនេះ ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ហេតុនេះហើយ ទើបសម្តេចប្រកាសសដាក់ឱ្យអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” នៅថ្ងៃទី៣១ ខែមករានេះ។ កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និង មានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចចំនួន៣ប្រភេទ រួមមាន១ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និងចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ ២០២៤ ទី២ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាម នៅក្នុងឆ្នាំឆ្នាំ ២០២៤។ ២. គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាម នៅក្នុងឆ្នាំ ២០២៤ ។

ទី៣ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាព ធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការ នៅក្នុងឆ្នាំ២០២៤។

កម្មវិធីពិសេសជំរុញ វិនិយោគក្នុងខេត្តព្រះសីហនុ ២០២៤ នេះ ក៏បានកំណត់ដាក់ចេញ នូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្ត សកម្មភាពនៃការវិនិយោគ និងធុរកិច្ច នៅក្នុងខេត្ត រួមមានជាអាទិ៍ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់។

ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិសង្កាត់ និងផ្លូវសំខាន់ៗ ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និង ការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សា​ហកម្ម ឬ សហគ្រាស និង/ឬតំបន់ទេសចរណ៍​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here