ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ មន្រ្តីជំនាញ និងអ្នកធ្វើដំណើរបានអះអាងថា បច្ចុប្បន្នតម្លៃសំបុត្រយន្តហោះតភ្ជាប់រវាងក្រុងភ្នំពេញ និងក្រុងព្រះសីហនុមានតម្លៃខ្ពស់ ហើយពេលខ្លះមានតម្លៃខ្ពស់ជាងសំបុត្រយន្តហោះរវាងទីក្រុងភ្នំពេញ និងក្រុងបាងកកទៀតផង។
ប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក ពេជ្រ សុប៉ុនតារា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការធ្វើដំណើររវាងទីក្រុងសៀមរាម និងទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ មានការលំបាកដោយសារតែបច្ចុប្បន្នសំបុត្រយន្តហោះមានតម្លៃខ្ពស់ខ្លាំង ហើយពេលខ្លះខ្ពស់ជាងការហោះហើររវាងទីក្រុងភ្នំពេញ និងក្រុងបាងកកប្រទេសថៃថែមទៀត។
-->
លោកបន្តថា “តម្រូវការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុបានកើនឡើងខ្ពស់ ដោយសារតែកំនើននៃអ្នកដំណើរ និងវិនិយោគិននានា”។ លោកបន្តថា “វាជាតម្លៃមួយដែលយើងមិនអាចគ្រប់គ្រងបានឡើយ ព្រោះវាជាយន្តការទីផ្សារធម្មតារវាងការផ្គត់ផ្គង់ និងតម្រូវការ”។
បច្ចុប្បន្នព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុកំពុងតែពង្រីក ដើម្បីអាចមានសមត្ថភាពចុះចតយន្តហោះខ្នាតធំជាងមុន។
អ្នកវិនិយោគម្នាក់បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកមិនដែលទិញសំបុត្រយន្តហោះបានជិះនោះទេ ដោយសារមានអ្នកដំណើរច្រើន ហេតុនេះត្រូវតែកក់មុនរយៈពេលយូរ ទើបអាចរកយន្តហោះជិះបាន។លោកបន្តថា តម្លៃសំបុត្រយន្តហោះ ពិតជាថ្លៃ ដែលក្រុមហ៊ុនអាកាសចរណ៍នានាគួរបង្កើនការហោះហើរ រវាងក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ជា អូន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៦ កុម្ភៈនេះបានទទួលស្គាល់បញ្ហានេះដោយលោកបានមានប្រសាសន៍ថា វាពិបាកនិយាយទាក់ទងនឹងបញ្ហានេះ ព្រោះកម្ពុជាអនុវត្តន៍យន្តការទីផ្សារសេរី ប៉ុន្តែលោកនឹងឆែកបញ្ហានេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីរកវិធីដោះស្រាយបញ្ហានេះ។

លោកបន្តថា “ការពិតមិនសូវមានអ្នកធ្វើដំណើរច្រើនទេ ហេតុនេះទើបក្រុមហ៊ុនអាកាសចរណ៍បានយកតម្លៃថ្លៃ ព្រោះមិនចង់ឲ្យខាតជើង ដោយសារផ្លូវធ្វើដំណើរមានចម្ងាយខ្លី ដែលធ្វើឲ្យក្រមហ៊ុនអាកាសចរណ៍មិនអាចរកផលចំណេញបាន”។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា ការមានតម្លៃខ្ពស់បែបនេះ ដោយសារក្រុមហ៊ុនអាកាសចរណ៍ធ្វើការហោះហើរទៅកាន់ក្រុងព្រះសីហនុមានចំនួនតិច ទើបពួកគេយកតម្លៃសំបុត្រថ្លៃ ហេតុនេះគួរតែមានការបង្កើនជើងហោះហើរតភ្ជាប់រវាងគោលដៅទាំងនេះ៕