ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា អគារដែលបានផ្អាកដំណើរការសាងសង់ នៅខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ១១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៣១ មករានេះ លោកអូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿន ក្នុងចំនួនដ៏ច្រើននូវសំណង់អគារ ជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅ ។ល។
ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ តមកទៀត, ការផ្លាស់ប្តូរនៅក្នុងការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។

លោកបន្ថែមថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រ ជាបន្តបន្ទាប់ មានជាអាទិ៍៖ ការកសាងផ្លូវលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងខេត្ត ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងកាលពីខែមីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវ វិធានការទូទៅ និងវិធានការលើកទឹកចិត្ត សម្រាប់អនុវត្តរហូតដល់ឆ្នាំ២០២៦ ៕




