Hattha top Banner

ស្ពានឆ្លងកាត់ទន្លេរមេគង្គក្នុងខេត្តក្រចេះលេចរូបរាងបណ្តើរៗហើយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ស្ពានឆ្លងកាត់ទន្លេរមេគង្គក្នុងខេត្តក្រចេះ បានលេចរូបរាងបណ្តើរៗហើយ ជាមួយនឹងសរសេរស្ពានសាងសង់ ឈរតម្រៀបជួរគ្នាគួរឲ្យចាប់អារម្មណ៍។

អភិបាលខេត្តក្រចេះ លោកវ៉ា ថនបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយភ្ជាប់ជាមួយរូបថតស្ពានជាច្រើនសន្លឹកកាលពីពេលថ្មីៗនេះថា ស្ពានដែលតភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ហើយនៅពេលខាងមុខ យើងនឹងបានឆ្លងទាំងអស់គ្នា។

លោកអភិបាលខេត្តបានបន្តថា “អរគុណសន្តិភាព ដែលផ្តល់នូវការអភិវឌ្ឍខេត្តក្រចេះយើង”។

ស្ពានដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្ប​ទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹក​ប្រាក់ចំនួនជិត១១២លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ៧។ គម្រោង​ទាំងនេះ​ ជា​ការតភ្ជាប់​របៀង​សេដ្ឋកិច្ច​២ គឺ​របៀង​សេដ្ឋកិច្ច​ខាងត្បូង (​បាងកក​-​ភ្នំពេញ​-​ហូ​ជី​មី​ញ​) និង របៀង​សេដ្ឋកិច្ច​កណ្តាល (​យូ​ណាន -​វៀង​ច័​ន្ធ​-​ត្រពាំង​ក្រៀល ) ឬត​ភ្ជាប់​មក​តំបន់​មេគង្គ​។

អតីតអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា “នៅពេ​លដែល​គម្រោង​ផ្លូវ និង​ស្ពាន​នេះបានបញ្ចប់ នឹង​អនុញ្ញាតឱ្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់ ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត និង​ផ្ទៃក្នុង​កាន់​តែមាន​ភាពងាយស្រួល ជាពិសេស​ការដឹកជញ្ជូន​ទំនិញ​នានា​ ឆ្លងកាត់​កាន់តែ​បាន​លឿន និង​ទាន់ពេលវេលា”​។​

ដោយឡែក​គម្រោង​សាងសង់​ស្ពាន​ ឆ្លងកាត់ទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​នេះ មាន​ប្រវែង​សរុប​៣៣,៤៥ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ (​រង្វង់​មូល​ខ្លា​ស្ទុះ​) ទៅ​ផ្លូវជាតិ​លេខ​៦០B ដោយ​ក្នុងនោះ​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ មានប្រវែង១៧៦១​ម៉ែត្រ មានមុខ​កាត់​ទទឹង​១៣,៥​ម៉ែត្រ ត​ភ្ជាប់​ពី​ត្រើយ​ខាងកើត​ស្ថិត​ត្រង់ ភូមិ​បុស្ស​លាវ​លើ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ទៅ​ត្រើយ​ខាងលិច​ត្រង់​ភូមិ​ព្រែក​ព្រលូង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

ក្រុមហ៊ុនចិន នឹងប្រើពេល​សាងសង់​ស្ពាននេះ រយៈពេលប្រមា​ណ៤២​ខែ អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួតពិនិត្យ​គុណភាព ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here