Hattha top Banner

លោកស៊ី ជីនពីង: ប្រទេសចិននឹងមិនជ្រៀតជ្រែកចូលការបោះឆ្នោតរើសប្រធានាធិបតីអាមេរិកក្នុងឆ្នាំនេះឡើយ

0

ដោយៈ គង់ លាងហួរ

អន្តរជាតិ: សារពត៌មាន CNN បានចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានស្នើដល់ប្រធានាធិបតីចិន លោកស៊ី ជីនពីង កុំឱ្យជ្រៀតជ្រែក ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ។

សំណើរខាងលើនេះត្រូវបានលើកឡើង ក្នុងឱកាសដែលថ្នាក់ដឹកនាំប្រទេសមហាអំណាច សេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក បានជួបប្រជុំគ្នា ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។យោងតាមប្រភពសារពត៌មាន CNN បានបន្តទៀតថា លោក ស៊ីជីនពីង បានថ្លែងតបទៅកាន់លោក ចូ បៃដិន វិញថា ទីក្រុងប៉េកាំងនឹងមិនជ្រៀតជ្រែកចូល កិច្ចការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកឡើយ។

កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលដែលលោក ស៊ី ជីនពីង បំពេញដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC កាលពីឆ្នាំមុន។ ប្រភពមួយ បានទម្លាយប្រាប់សារពត៌មាន CNN ឱ្យដឹងថា លោក បៃដិន គឺជាអ្នកដែលបានលើកឡើងនូវសំណើរនេះដំបូងគេ។

គិតចាប់តាំងពីការបោះឆ្នោត ដែលលោកដូណាល់ ត្រាំ ទទួលបានជ័យជំនះក្នុងឆ្នាំ ២០១៦មក មន្ត្រីអាមេរិក ដែលភាគច្រើនមកពីបក្សប្រជាធិបតេយ្យ បានចោទម្តងហើយម្តងទៀតថា មហាអំណាចបរទេសកំពុងជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោតរបស់អាមេរិក។

ជាការឆ្លើយតបវិញ រដ្ឋាភិបាលចិន និងរុស្ស៊ី បានច្រានចោលម្តងហើយម្តងទៀត នូវការចោទប្រកាន់ទាំងនេះ ប៉ុន្តែក្រុមមន្ត្រីអាមេរិក នៅតែបន្តការចោទប្រកាន់បែបនេះ ជាសាធារណៈទៅលើប្រទេសទាំងពីរដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here