Hattha top Banner

ក្រុមអ្នកជំនាញមានសុទិដ្ឋិនិយមពីការងើបឡើងនៃវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ

0

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ ក្រុមអ្នកជំនាញបានលើកឡើងថា ការដាក់ចេញកម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ របស់រដ្ឋាភិបាលនឹងជួយជម្រុញ និងទាក់ទាញការវិនិយោគក្នុងខេត្តនេះ ឲ្យមានភាពប្រសើរឡើង។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី៣១ មករាថា ជាធម្មតានៅពេលរដ្ឋាដាក់ចេញ កម្មវិធីលើកទឹកចិត្តដល់ការវិនិយោគ វាជាសញ្ញាល្អសម្រាប់ក្រុងព្រះសីហនុ ខណៈបច្ចុប្បន្នទីផ្សារ អចលនទ្រព្យ ខុនដូ បានមានភាពប្រសើរឡើងបណ្តើរៗហើយ។លោកបន្តថា “អ្នកវិនិយោគមកពីអឺរ៉ុប អាមេរិក និងមកពីតំបន់អាស៊ី បានចាប់ផ្តើមចូលមកកម្ពុជាកាន់តែច្រើនហើយ”។ជាមួយគ្នានេះ លោកឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនLucky Realty បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមរយៈកម្មវិធី និងគោលនយោបាយថ្មីៗជាច្រើន ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យ នៅខេត្តព្រះសីហនុមានភាពរសរវើកឡើងវិញ។

លោកបន្តថា “ខ្ញុំគិតថា វាជាព័ត៌មានដ៏រីករាយ សម្រាប់អ្នកវិនិយោគដែលបានជាប់គាំង អ្នកវិនិយោគថ្មី និងអ្នកវិនិយោគដែលចង់ទិញអាគារជាប់គាំងនៅក្រុងព្រះសីហនុ”។ លោកបន្ថែមថា “តាមរយៈគោលនយោបាយ និងកម្មវិធីជម្រុញការវិនិយោគ របស់រដ្ឋាភិបាល នឹងធ្វើឲ្យខេត្តព្រះសីហនុ មានសកម្មភាពកាន់តែច្រើនឡើង”។លោកឌិត ចណ្ណាបានបន្តថា នៅពេលណាអចលនទ្រព្យ ខេត្ត ព្រះសីហនុមានចលនាខ្លាំង នឹងធ្វើឲ្យបណ្តាខេត្តជាប់តំបន់ឆ្នេរ នឹងមានចលនាផងដែរ ហើយបណ្តាខេត្តផ្សេងៗទៀត ក៏នឹងមានចលនាបន្តបន្ទាប់។

លោកបញ្ជាក់ថា “ចំណុចសំខាន់មួយទៀត នៅពេលណារដ្ឋាភិបាលយកចិត្តខ្លាំង ជម្រុញការវិនិយោគបែបនេះ កាន់តែជួយឲ្យអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិឲ្យកាន់តែមានទំនុកចិត្ត ក្នុងការអភិវឌ្ឍវិស័យនេះបន្ថែមទៀត”។

ចំណែកលោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា វាជាដំណឹងល្អ និងជាការបើកទំព័រដ៏ល្អ សម្រាប់ដើមឆ្នាំ២០២៤នេះ ហើយយើងសង្ឃឹមថា អ្វីៗនឹងដំណើរការសន្សឹមៗ ទៅកាន់តែប្រសើរ។ លោកស្រីបន្តថា “យើងឃើញមានអាគារខ្លះ បានដំណើរការសាងសង់ឡើងវិញ ទោះមិនទាន់ទាំងអស់ តែការសាងសង់បានធ្វើឡើងទាំងយប់ទាំងថ្ងៃ”។ លោកស្រីបន្ថែមថា​ “ យើងឃើញអាគារខ្មែរយើងមួយចំនួន បានសាងសង់បញ្ចប់ និងបានធ្វើការកែលំអរ ដើម្បីដំណើរការជួល ឬធ្វើអាជីវកម្មឡើងវិញ”។លោកស្រីតាំង ហួរបានបន្តថា “អ្វីៗវាបាននិងកំពុងចាប់ផ្តើម ទោះបីមិនលឿន តែវានឹងដំណើរការសន្សឹមៗ”។ លោកស្រីបន្ថែមថា “ក្នុងនាមជាអ្នករកស៊ីក្នុងវិស័យនេះ គឺយើងឃើញអ្វីៗបានចាប់ផ្តើមប្រសើរឡើង ទោះបីទើបចាប់ផ្តើមឆ្នាំ២០២៤ បានត្រឹមរយៈពេល១ខែក្តី”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ មករាកន្លងមកនេះ បានប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ដោយបានដាក់ចេញគោលនយោបាយ និងការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិមកកាន់ខេត្តដ៏សំខាន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here