ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រទេសចិនដាក់ចេញវិធានការថ្មី ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យ ស្របពេលមានការព្រួយបារម្ភ អំពីការបញ្ជាឱ្យរំលាយចោលក្រុមហ៊ុន Evergrande ដោយតុលាការក្រុងហុងកុង។
វិធានការនោះ សំដៅលើគម្រោងអចលនទ្រព្យ ដែលគាំទ្រដោយរដ្ឋ នៅក្នុងប្រទេសចិន បានទទួលប្រាក់កម្ចីអភិវឌ្ឍន៍ដំបូងក្រោមយន្តការដែលគេហៅថា “បញ្ជីស” របស់ទីក្រុងប៉េកាំង ខណៈទីក្រុងធំៗចំនួន២ បានបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ។
-->
វិធានការចុងក្រោយនេះ បានបន្ថែមពីលើគោលនយោបាយជាច្រើន ដែលរដ្ឋាភិបាលចិនបានដាក់ចេញ កាលពីឆ្នាំមុន ដើម្បីជួយស្តារវិស័យអចលនទ្រព្យឡើងវិញ ដែលបានធ្លាក់ផុងជ្រៅចូលទៅក្នុងវិបត្តិបំណុល។
ទោះបីជាទីក្រុងប៉េកាំង បានដាក់ចេញវិធានការជាច្រើនបែបនេះយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នៅតែបន្តដាំក្បាលចុះ ខណៈតម្លៃផ្ទះថ្មីៗបានថយចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មាន។
ក្រុមអ្នកវិភាគលើកឡើងថា ការបញ្ជាឱ្យរំលាយក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group អាចធ្វើឱ្យទស្សនវិស័យនៃតម្រូវការកាន់តែអាក្រក់ឡើង ខណៈអ្នកទិញផ្ទះបន្តប្រកាន់ជំហរប្រុងប្រយ័ត្នខ្ពស់ ដោយសារតែភាពមិនច្បាស់លាស់ អំពីសុខភាពរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍ កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ថា ទីក្រុងធំៗចំនួន២របស់ប្រទេសចិនគឺ ទីក្រុងស៊ូចូវ និងទីក្រុងសៀងហៃ បានចាត់វិធានការដូចទៅនឹងទីក្រុងក្វាងចូវ ដោយបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ។ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសបញ្ចេញកញ្ចប់ប្រាក់កម្ចី ដែលមានតម្លៃប្រមាណ៣៣០លានយ័ន(ប្រហែល៤៦លានដុល្លារ) ដល់គម្រោងអភិវឌ្ឍន៍ដែលគាំទ្រដោយរដ្ឋ៕