ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុបលើកឡើងថា តំបន់អឺរ៉ុបគួរតែត្រៀមខ្លួន ចំពោះការគំរាមកំហែង ដែលអាចកើតមានមកលើសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀត។
លោកស្រីបានថ្លែងប្រាប់កាសែត CNN នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា “ចូរ! អ្នកក្រឡេកទៅមើលពេលដែលលោក ត្រាំ ជាប្រធានាធិបតីអាមេរិក… វាអាចមានការគំរាមកំហែង និងអាចមានបញ្ហាដែលអឺរ៉ុបគួរតែត្រៀមរៀបចំខ្លួន”។
សហភាពអឺរ៉ុប(EU)ពឹងផ្អែកខ្លាំងណាស់ ទៅលើការដោះដូរពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ដូច្នេះប្រសិនបើលោក ដូណាល់ត្រាំ វិលត្រឡប់ទៅសេតវិមានម្តងទៀត នោះ EU អាចប្រឈមមុខនឹងការបង់ពន្ធថ្មី នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជួបភាពតានតឹងខ្លាំង ក្រោមអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ និងបានប្រែក្លាយទៅជាជម្លោះពាណិជ្ជកម្ម តបតគ្នាទៅវិញទៅមករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល។
ជម្លោះនោះបាននាំឱ្យសហរដ្ឋអាមេរិក ដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបបានឆ្លើយតបវិញ តាមរយៈការដាក់ពន្ធលើទំនិញអាមេរិក ដែលមានតម្លៃ៣ពាន់លានដុល្លារ ដូចជាស្រាវីស្គី ម៉ូតូ និងខោខូវប៊យ។
តាមទស្សនៈរបស់លោកស្រី Lagarde មធ្យោបាយដ៏ល្អបំផុតសម្រាប់អឺរ៉ុប គឺជំរុញទីផ្សាររួមរបស់ខ្លួន ដែលធានាឱ្យមានការចរាចរណ៍ទំនិញ សេវាកម្ម មនុស្ស និងដើមទុនដោយសេរី នៅក្នុងចំណោមបណ្តាសមាជិកEU ទាំង២៧ប្រទេស។
សហរដ្ឋអាមេរិក គឺជាប្រភពលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI)ដ៏ធំបំផុតរបស់សហភាពអឺរ៉ុប។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់រហូតដល់១,៣ទ្រីលានដុល្លារក្នុងឆ្នាំ២០២២៕






