ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)របស់ប្រទេសសិង្ហបុរី បានអនុម័ត ឱ្យក្រុមហ៊ុនសណ្ឋាគារ Marina Bay Sands (MBS) សាងសង់អគារប៉មទី៤ ដែលមានបន្ទប់សណ្ឋាគារជាច្រើនបន្ទប់។
យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហាញថា អគារថ្មីនេះនឹងមានសណ្ឋាគារ នឹងមានទំហំ១៥៣.១០០ម៉ែត្រការ៉េ ជាមួយនឹងបន្ទប់ចំនួន៥៨៧ និងកន្លែងលក់រាយទំហំ១២.១៨៥ម៉ែត្រការ៉េ។
-->
យោងតាមផែនការពង្រីកសណ្ឋាគារ ដែលបានដាក់បង្ហាញនៅក្នុងឆ្នាំ២០១៩ អគារប៉មទី៤នេះ ត្រូវបានគេរំពឹងថា នឹងមានបន្ទប់សណ្ឋាគារចំនួន១.០០០បន្ទប់ មជ្ឈមណ្ឌលកម្សាន្តចំនួន១៥.០០០កៅអី និងដំបូលដែលមានអាងហែលទឹក និងភោជនីយដ្ឋាន។ អគារនេះក៏ត្រូវបានគេរំពឹងថា នឹងមានសាលប្រជុំ សាលតាំងពិពណ៌ និងហាងលក់រាយប្រណីតផងដែរ។
ទោះជាយ៉ាងនេះក្តី MBS បានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមទេ នៅពេលដែលត្រូវបានសាកសួរ អំពីការកាត់បន្ថយចំនួនបន្ទប់សណ្ឋាគារពី១.០០០បន្ទប់ ដែលបានប្រកាសពីមុន មកនៅត្រឹម៥៨៧បន្ទប់ នាពេលនេះ។
គម្រោងអគារប៉មទី៤នេះ គ្រោងនឹងចំណាយថវិកាសាងសង់អស់ប្រមាណ៣,៣ពាន់លានដុល្លារអាមេរិក ប៉ុន្តែផែនការពង្រីកសណ្ឋាគារនេះ ត្រូវបានផ្អាកទៅវិញ ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ កាលពីពេលកន្លងទៅ។
កាលបរិច្ឆេទបញ្ចប់ការសាងសង់ គម្រោងត្រូវបានពន្យារជាលើកដំបូងបង្អស់ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ប៉ុន្តែក្រោយមកក្រុមហ៊ុន Las Vegas Sands ដែលជាក្រុមហ៊ុនមេរបស់សណ្ឋាគារ Marina Bay Sands បានអះអាងថា ការងារគម្រោងនេះមិនអាចចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ដូចដែលបានគ្រោងទុកនៅពេលនោះទេ។
ប៉ុន្តែនៅពេលនេះវិញ អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង បានអនុញ្ញាតឱ្យសណ្ឋាគារ MBS អាចចាប់ផ្តើមការងារសាងសង់ នៅខែមេសា ឆ្នាំ២០២៤នេះ។ ចំណែក កាលបរិច្ឆេទថ្ងៃបញ្ចប់ការសាងសង់ ក៏ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៨៕