Hattha top Banner

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៥២០០លានដុល្លារ ក្នុងរយៈពេល១១ខែកាលពីឆ្នាំមុន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទោះបីសកម្មភាពហាក់មានការថមថយក្តី ប៉ុន្តែទុនវិនិយោគនៅក្នុងវិស័យសំណង់កាលពីឆ្នាំមុន មានទំហំរហូតដល់ជាង៥២០០លានដុល្លារអាមេរិក គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៣។

គម្រោង​វិនិយោគ​វិ​ស័​យ​សំណង់​ចំនួន​ជាង៣០០០ ត្រូវបាន​រដ្ឋា​ភិ​បាល​អនុម័ត​នៅក្នុង​រយៈពេល១១ ​ខែ​ ដើមឆ្នាំ​ ២០២៣ ដោយ​ចំនួន​ទុនវិនិយោគ​កើនឡើង​ជិត១០០​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

យោងតាមឯកសារ​និន្នាការ​សេដ្ឋកិច្ច ​សង្គម ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល​ តាមរ​យៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំ​ណង់ បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​សរុប ៣ ១៤២ ស្មើ​ នឹង​ផ្ទៃក្រឡា១២,៦៩ លាន​ម៉ែត្រការ៉េ និង​ទុនវិនិយោគ ៥ ២៥៥​លាន​ដុល្លារ​។

បើ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​ក្នុង​ឆ្នាំ​ ២០២២ គឺ​ចំនួន​គម្រោង​សាងសង់ ​បាន​ធ្លាក់ចុះ៦៨៤​គម្រោង ប៉ុន្តែ​ផ្ទៃក្រឡា​សំណង់ និង​ទុនវិនិយោគ​បាន​កើន៩២,៨​ភាគរយ និង៩៩,៧​ ភាគរយ​រៀង​គ្នា​។​

ឯកសារ​ខាងលើ​ឱ្យដឹងទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ គម្រោង​ទទួលបាន​ការអនុញ្ញាត ​មាន​ចំនួន២១៨ ស្មើ​ផ្ទៃក្រឡា ៣៦២ ៥១៧​ ម៉ែត្រការ៉េ​, និង​ទុន​​វិនិយោគ១៤៥,៧ ​លាន​ដុល្លារ​។​ ​ស្ថានភាព​វិស័យ​សំណង់​ក្នុង​ខែវិច្ឆិកា​ មាន​ភាពល្អប្រសើរ​បន្តិច បើ​ធៀប​នឹង​ខែ​មុន ​(​ខែតុលា​) ខណៈ​គិត​ត្រឹម​ ១១ ​ខែ ឆ្នាំ​ ២០២៣ មាន​កំណើន​ល្អ​ឡើងវិញ​គួរឱ្យកត់សម្គាល់​។​

ផ្អែក​តាម​ការ​ព្យាករ​ណ៍ ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរ​ជាតិ​ធំៗ ដូចជា ADB, IMF និង WB ជាដើម​នោះ គឺ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​ ២០២៤ និង​ខ្ពស់ជាង​ឆ្នាំ​២០២៣។ ដូច្នេះ​វិស័យ​អចលនទ្រព្យ និង​សំណង់​នឹង​ល្អប្រសើរ​ជាង​ឆ្នាំ​២០២៣​។​

ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម ឆ្នាំ​ ២០២២បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ គម្រោង​ដែល​បានទទួល​ការអនុញ្ញាត​ ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់មាន​សរុប៤២៧៥​គម្រោង ធ្លាក់ចុះ ២៨ បើធៀប​ឆ្នាំ​២០២១ និង​មាន​ទុនវិនិយោគ​សរុប២៩៦៨លាន​ដុល្លារ ធ្លាក់ចុះ៤៦,៨ ​ភាគរយ​។ នៅក្នុង​ចំណោម​គម្រោង​ទាំងនោះ គឺ​គម្រោង​លំនៅឋាន​មាន​ចំនួន៣៧៦៨ គម្រោង ស្មើ៨៨,១​ ភាគរយ​នៃ​សំណើ​សុំ​សាងសង់​សរុប កើន៤៨ធៀប​នឹង​ឆ្នាំ​ ២០២១ ក្រៅពីនោះ​រួមមាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​គម្រោង​ផ្សេងៗ​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here