Hattha top Banner

អ្នកជំនាញលើកឡើងពីជំហ៊ានសំខាន់ៗចំនួន៣ដើម្បីជម្រុញ ការវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការមានទឹកសមុទ្រខៀវស្រងាត់ សម្លេងអ៊ូរអរនៃភ្ញៀវទេសចរណ៍ក្នុងស្រុក អន្តរជាតិ ការផ្លាស់ប្តូរមុខមាត់ដ៏លឿនរបស់ខេត្តព្រះសីហនុបានកើតមានឡើងស្ទើរមិនគួរឲ្យជឿ។ ប៉ុន្តែទីក្រុង ដែលមានអាគារខ្ពស់រាប់រយឈរព្រោងព្រាត បានប្រែជាស្ងប់ស្ងាត់ ដោយព្រឹត្តិការណ៍មួយចំនួន ដែលបានធ្វើឲ្យប៉ះពាល់មុខមាត់ ក៏ដូចជា សេដ្ឋកិច្ចទីក្រុងនេះ។

ជាមួយនឹងសក្តានុពលដ៏សំខាន់របស់ខេត្តនេះ រដ្ឋាភិបាលអា​ណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតមិនបានព្រងើយកន្តើយនឹងបញ្ហានៅទីនោះឡើយ ប៉ុន្តែសម្តេចបានប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិយោគ និងបានដាក់ចេញនិតិវិធី និងគោលនយោបាយលើកទឹកចិត្តជាច្រើន សម្រាប់ទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចជាតិ និងអន្តរជាតិកាលពីថ្ងៃទី៣១ មករា កន្លងមកនេះ។

តើការជម្រុញ និងលើកកំពស់សក្តានុពល ខេត្តជាប់តំបន់ឆ្នេរដ៏សំខាន់មួយនេះ គួរធ្វើឡើងក្នុងជំហ៊ានបែបណា?
លោកឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិនបានលើកយកនូវទស្សនទានមួយចំនួន ដើម្បីពិចារណាផងដែរ។លោកបានមានប្រសាសន៍ថា យើងត្រូវឆ្លងកាត់បីដំណាក់កាល ដើម្បីឲ្យទីក្រុងព្រះសីហនុ វិលទៅរកភាពប្រក្រតីដូចមុនវិបត្តិកូវីដ១៩ ទី១ យុទ្ឋនាការក្នុងការគៀងគរទុន១១០០លានដុល្លារអាមេរិក ដើម្បី​សាងសង់អាគារជាប់គាំង នៅក្នុងខេត្តឲ្យរសរវើកឡើងវិញ ដែលត្រូវមានការចូលរួមពីអាជ្ញាធរខេត្ត សភាពាណិជ្ជកម្មខេត្ត ម្ចាស់អាគារត្រូវ ធ្វើការរួមគ្នា ដើម្បីប្រមូលទុនចាក់ចូលក្នុងខេត្តនេះ។

លោកបន្តថា យើងត្រូវមានផែនការ និងពេលវេលាជាក់លាក់មួយ ឧទាហរណ៍ ដំណាក់កាលទី១ យើងត្រូវការទុក៥០០លានដុល្លារក្នុងមួយឆ្នាំ ហេតុនេះបើរកទុន១១០០លានដុល្លារ គឺយើងត្រូវការពេល២ឆ្នាំ ដើម្បីឲ្យមានលុយគ្រប់គ្រាន់ សាងសង់អាគារទាំងនោះឡើងវិញ។

ទី២ ជាដំណាក់កាល ដែលអាគារទាំងនោះសាងសង់បញ្ចប់ ហើ​យមានអាជីវករ ពាណិជ្ជករ ចូលទៅប្រើប្រាស់អាគារទាំងនោះ ជំហ៊ា​នបន្ទាប់គឺ ខេត្តព្រះសីហនុ ត្រូវពង្រឹងតាមផែនការមេរបស់ខ្លួន ក្នុងការប្រែក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង។

លោកឡោ វិចិត្របានបន្តថា ដោយសារការអភិវឌ្ឈកំពង់ផែទឹកជ្រៅបានដំណើរការបណ្តើរៗ និងកំពុងពង្រីក ដូច្នេះហើយការអភិវឌ្ឈវិស័យនាំចេញរបស់កម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺជាការជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច របស់ខេត្តឲ្យមានភាពចម្រុះពណ៌ និងស៊ីជម្រៅ។

ទី៣ នៅពេលយើងបានធ្វើពិពិធកម្ម សេដ្ឋកិច្ចជោគជ័យ ក្នុងការនាំចេញ និងអភិវឌ្ឈន័វិស័យអចលនទ្រព្យហើយ គឺយើងនឹងសម្រេចមហិច្ឆតារបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តមួយ ដែលនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មជឿនលឿន។លោកឡោ វិចិត្របានបន្តថា ក្នុងផែនការជម្រុញសេដ្ឋកិច្ច ខេត្តព្រះសីហនុ និងសៀមរាប ឲ្យឈានមុខគេរបស់ប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឲ្យខេត្តព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងជាIT Reginal Commercial Hub ផងដែរនាពេលអនាគត។

លោកបន្តថា នៅពេលយើងគៀងគរទុនបាន១១០០លានដុល្លារជាង ដើម្បីអភិវឌ្ឍន៍អាគារជាប់គាំងបញ្ចប់ នោះខេត្តនឹងមានអាគារខ្ពស់ ច្រើនជាងរាជធានីភ្នំពេញនាពេលអនាគត ហើយខេត្តនេះ​នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here