ដោយ: គង់ លាងហួរ
បាងកក: រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញគោលដៅ ដើម្បីស្តារឡើងវិញនូវពាណិជ្ជកម្មឆ្លងព្រំដែន ជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា នៅឆ្នាំ២០២៤នេះ បន្ទាប់ទំហំពាណិជ្ជកម្មមានការថយចុះកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយពីសារពត៌មាន Bangkok Post។
លោក Ronnarong Phoolpipat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានអះអាងថា “ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងពាណិជ្ជកម្មប្តេជ្ញាពន្លឿនការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ដល់ឆ្នាំ២០២៧”។វិធានការទាំងនោះរួមមាន ការធ្វើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងាររដ្ឋពាក់ព័ន្ធនានា ដើម្បីជួយសម្រួល និងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន ដូចជាការបង្កើតមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) និងការភ្ជាប់ឯកសារនាំចេញ-នាំចូលតាមរយៈប្រព័ន្ធ National Single Window ដើម្បីសម្រួលដំណើរការពាណិជ្ជកម្ម។
កាលពីឆ្នាំ២០២៣កន្លងទៅ ក្រសួងបានបើកមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) នៅក្នុងខេត្តចំនួន៨ រួមមាន ខេត្ត Chiang Rai ខេត្ត Tak ខេត្ត Trat ខេត្ត Songkhla ខេត្ត Nong Khai ខេត្ត Nakhon Phanom ខេត្ត Mukdahan និងខេត្ត Udon Thani។