Hattha top Banner

ឧទ្យានបុរាណវិទ្យាអង្គរ ស្រូបទាញបាន ភ្ញៀវទេសចរបរទេសជាង១១មុឺននាក់ ត្រឹមរយៈពេល១ដំបូង ឆ្នាំ២០២៤នេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសារពត៌មាន Xinhua បានចុះផ្សាយថា គិតត្រឹមរយៈពេល១ខែដំបូងដើមឆ្នាំ២០២៤នេះ ឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន១១៥.៥៣២នាក់។

តួលេខខាងលើបង្ហាញសញ្ញាពីការកើនឡើង៤៩ភាគរយ បើធៀបនឹងភ្ញៀវទេសចរបរទេសចំនួន៧៧.៤៣៦នាក់ ដែលបានមកទស្សនាឧទ្យានបុរាណវិទ្យាអង្គរ ក្នុងខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ ទី២ ខែកុម្ភៈ។

ទន្ទឹមគ្នានេះ គ្រឹះស្ថានអង្គររក ប្រាក់ចំណូល បាន៥,៥ លាន ដុល្លារ អាមេរិក ពី ការ លក់ សំបុត្រ ចូលទស្សនា ក្នុង ខែ មករា ពោលគឺកើន ឡើង៥១ ភាគរយ បើធៀបនឹងចំណូលដែលទទួលបានចំនួន៣,៦៤ លាន ដុល្លារ កាលពីខែ មករាដូចគ្នា ក្នុងឆ្នាំ ២០២៣ ។ដោយស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េនេះ មានប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ឡើងចាប់ពីសតវត្សទីប្រាំបួនដល់សតវត្សទី១៣។

ឧទ្យាននេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ ១៩៩២ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបង្ហាញទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយក្រុមហ៊ុនចិន និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើននៅខេត្តសៀមរាប។

លោកបានប្រាប់សារពត៌មាន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិថ្មីនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជា”។

ដោយមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានកម្រិត 4E នេះ គឺជាអាកាសយានដ្ឋានធំជាងគេរបស់កម្ពុជា និងជាច្រកអន្តរជាតិដ៏សំខាន់ឆ្ពោះទៅកាន់ឧទ្យានបុរាណអង្គរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here