Hattha top Banner

តើលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីអ្វីខ្លះទាក់ទង នឹងការអភិវឌ្ឍនៅក្រុងព្រះសីហនុ?

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាអ្នកជំនាញជើងចាស់ និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានលើកឡើងនូវកត្តា​ចាំបាច់មួយចំនួន ដើម្បីជម្រុញការវិនិយោគ និងអភិវឌ្ឍន៍ក្រុងព្រះសីហនុ។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាអ្នករកស៊ី លោកគាំទ្រទាំងស្រុង លើការបង្កើតគណៈក​ម្មការជម្រុញ ការវិនិយោគរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជម្រុញការអភិវឌ្ឍន៍អាគារជាប់គាំងឡើងវិញ ហើយវាជាអ្វីដែលវិស័យឯកជនចង់បាន និងសង្ឃឹមថាវិធានការណ៍ដាក់ចេញនេះ នឹងទទួលបានជោគជ័យ។លោកបញ្ជាក់ថា “អ្វីដែលរដ្ឋាភិបាលដាក់ចេញ ជាការពង្រឹងនូវអ្វី ដែលមានក្នុងស្រុក ប៉ុ​ន្តែភាពជាក់ស្តែង គឺមិនត្រឹមតែធ្វើក្នុងស្រុកទេ តែត្រូវជម្រុញពីខាងក្រៅប្រទេសបន្ថែមទៀត”។ លោកបន្ថែមថា “ការរកស៊ីបច្ចុប្បន្ន អ្នកវិនិយោគគេមិនងាយមកទេ ទាល់តែយើងទៅគោះទ្វារគេតែម្តង ហើយក្នុងរយៈពេលជិត៦ខែចុងក្រោយនេះ ខ្ញុំឃើញសម្តេចធិបតីបានធ្វើ គឺធ្វើទាំងក្នុងនិងក្រៅប្រទេស”។

លោកឧកញ៉ាបណ្ឌិតបានបន្តថា អ្វីដែលយើងមើលឃើញ គឺក្រុមការងាររដ្ឋាភិបាល បានពង្រឹងអ្វីដែលមានក្នុងស្រុក និងអ្វីត្រូវធ្វើគឺត្រូវពង្រឹងការងារនៅក្រៅប្រទេស ដើម្បីទាក់ទាញការវិនិយោគផង​ដែរ។លោកបន្តថា ការងារនៅខេត្តព្រះសីហនុ វាមានសភាពធ្ងន់ធ្ងរ គឺមានអាគារជាប់គាំងជាង១០០០អាគារ ហេតុនេះយើងត្រូវធ្វើរួមគ្នា ដោយរដ្ឋាភិបាលបានធ្វើហើយ ដូច្នេះវិស័យឯកជនត្រូវទៅក្រៅ ដើម្បីទៅទាក់ទាញបន្ថែម ពិសេសអ្នកពូកែទំនាក់ទំនងចិន កូរ៉េ ជប៉ុន អារ៉ាប់ និងអឺរ៉ុបជាដើម គឺត្រូវទៅទាក់ទាញ ទើបយើងមានលទ្ឋផលកាន់តែល្អប្រសើរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “ពួកគាត់ត្រូវតែប្រឹងប្រែងខ្លាំងជាងមុន និងដម្កល់ផលប្រយោជន៍ជាតិជាធំ ព្រោះថ្នាក់ដឹកនាំបានប្រឹងប្រែង ទាក់ទាញការវិនិយោគចូលមកកម្ពុជា តែយើងត្រូវមានក្រុមការងារថ្នាក់ជាតិ ពិសេសអាជ្ញាធរដែនដីត្រូវតែសម្របសម្រួលដោះស្រាយ ដោយឈរលើផលប្រយោជន៍ជាតិជាគោល”។​លោកឧកញ៉ាបណ្ឌិតបន្ថែមថា “បន្ថែមពីលើនេះ អ្នករកស៊ីក្នុងស្រុកធំៗ ត្រូវតែចេញក្រៅប្រទេស ដើម្បីទាក់ទាញអ្នកវិនិយោគធំៗចូលមកកម្ពុជា”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយក​រដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៣១ មករា កន្លងមកនេះបានប្រកាសដាក់ចេញកម្មវិធីជម្រុញ ការវិនិយោគនៅខេត្តព្រះសីហនុ ដោយបានបញ្ចេញកញ្ចប់លើកទឹកចិត្ត តាមរយៈនិតិវិធី និងគោលនយោបាយជាច្រើន ដើម្បីទាក់ទាញការវិនិយោគ ពីក្រៅប្រទេសចូលមកវិនិយោគនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយសម្តេចចាត់ទុកខេត្តទាំងពីរជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here