Hattha top Banner

តើការជីកព្រែក “ហ្វូណនតេជោ” នាពេលអនាគតនឹងជួយលើក កំពស់សកម្មភាព និងតម្លៃអចលនទ្រព្យដូចម្តេច?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងជីកព្រែក “ហ្វូណនតេជោ”នឹងផ្តល់ផលប្រយោជ​ន៍ដល់មនុស្សប្រមាណ១,៦លាននាក់ ដែលរស់នៅតាមបណ្តោយដងព្រែកដ៏សំខាន់នេះ។

តាមផែនការ និងការប្រកាសរបស់លោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីខែមករាកន្លងមកថា គំរោងជីកព្រែកហ្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤នេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

ផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗ បាននិងកំពុងជម្រុញទីផ្សារអចលនទ្រព្យផងដែរ ជាក់ស្តែងដូចជាគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងគំរោងកសាងផ្លូវក្រវ៉ាត់ក្រុងទី៤នាពេលអនាគតជាដើម បានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះហក់ឡើងស្ទើរមិនគួរឲ្យជឿ។

អ្នកជំនាញជើងចាស់ក្នុងវិស័យដីធ្លី លោកឧកញ៉ាចេង ខេងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សកម្មភាពទិញ លក់ដីធ្លី នៅតំបន់ព្រែកជីកហ្វូណនតេជោ ពិតជាកំពុងមានសញ្ញាផុសផុលច្រើន ដែលដីនៅតំបន់នោះ មានតម្លៃចន្លោះពី១០ទៅ២០ដុល្លារ អាស្រ័យលើទំហំដី និងភូមិសាស្រ្តជាក់ស្តែង។ លោកបន្តថា “សកម្មភាពទិញ លក់នឹងបន្តកើនឡើង ហើយតម្លៃដីនឹងហក់ឡើងជាបន្តបន្ទាប់ ក្រោយពេលព្រែកជីកដ៏សំខាន់នេះចាប់ផ្តើមស្ថាបនានាពេលខាងមុខ”។

ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីប្រធានក្រុមហ៊ុនKFAបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់​    រដ្ឋាភិបាល ពិតជាជួយដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង ជាក់ស្តែងការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងជួយលើកកំពស់ជីវភាព និងទាក់ទាញគំរោងវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនទៅកាន់តំបន់នោះ។

លោកបន្តថា “ជាក់ស្តែងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅប៉ែកខាងកើត នៃភូមិសាស្រ្តស្រុកកៀនស្វាយ បាននិងកំពុងមានការអភិវឌ្ឈលឿន និងមានគំរោងវិនិយោគជាច្រើន ឆ្ពោះទៅកាន់តំបន់ខាងលើផងដែរ”។

អ្នកតាមដានដំណើរវិវត្តន៍សេដ្ឋកិច្ច និងអចលចទ្រព្យឯករាជ្យ លោកយិន លាងគង់ ​អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រ​សា​សន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានកើនឡើងដោយសារកត្តាជាច្រើន រួមមាន ការរីកចម្រើនសេដ្ឋកិច្ច លំហូរទុនវិនិយោគពីបរទេស ផលចំណេញពីការវិនិយោគខ្ពស់ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ព្រមទាំងការពង្រីកទីក្រុង និងកត្តាប្រជាសាស្រ្តជាដើម។

លោកបន្តថា ហេតុនេះការពង្រីកការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលនានា ពិសេសការជីកព្រែកហ្វូណនតេជោ នឹងជួយលើកកំពស់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅតំបន់ជាប់ដងព្រែកកាន់តែកើនឡើងខ្ពស់នាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here