Hattha top Banner

ដំណឹងល្អៈតម្លៃផ្ទះក្នុងប្រទេសចិនបានងើបឡើងវិញហើយ នៅដើមឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានកើនឡើងកាលពីខែមករា ក្នុងល្បឿនប្រចាំខែលឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិត២ឆ្នាំកន្លះមកនេះ ក្រោយពីរដ្ឋាភិបាលចិន បានដាក់ចេញវិធានការជំរុញការទិញផ្ទះ។

តម្លៃផ្ទះជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០ បានកើនឡើងក្នុងរយៈពេល៥ខែជាប់ៗគ្នា ខណៈតម្លៃផ្ទះនៅខែមករា បានកើនក្នុងអត្រាប្រចាំខែ០,១៥ភាគរយ បើធៀបនឹងកំណើន០,១ភាគរយកាលពីខែធ្នូ។

តួលេខកំណើន០,១៥ភាគរយ នៅខែមករា គឺជាការកើនឡើងលឿនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការកើនឡើង០,២ភាគរយនៅក្នុងខែសីហា ឆ្នាំ២០២១។នេះ​បើ​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​អចលន​ទ្រព្យ​ចិន China Index Academy។

ជាមួយគ្នានេះ ចំនួនទីក្រុង ដែលបានកត់ត្រាកំណើនតម្លៃផ្ទះថ្មីប្រចាំខែ មានចំនួន៤៩ទីក្រុង នៅក្នុងខែមករា ពោលគឺកើនឡើងពី៤៧ទីក្រុង ក្នុងខែធ្នូ ឆ្នាំ២០២៣។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ បាននិងកំពុងដាក់ចេញនូវគោលនយោបាយជាច្រើនបន្តបន្ទាប់គ្នា ដើម្បីជួយស្តារឧស្សាហកម្មអចលនទ្រព្យឡើងវិញ។

នៅក្នុងសប្តាហ៍នេះ ទីក្រុងធំៗចំនួនពីរ គឺទីក្រុងសៀងហៃ និងទីក្រុងស៊ូចូវ បានយកគម្រូតាមទីក្រុងក្វាងចូវ ក្នុងការបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ។

ក្រុមហ៊ុន China Index Academy បានអះអាងថា “បច្ចុប្បន្ន ដោយសារតែគោលនយោបាយ បន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ ទើបតែត្រូវបានប្រកាស ដូច្នេះ យើងមិនទាន់អាចមើលឃើញឥទ្ធិពលរបស់វានោះទេ”។

យោងតាមក្រុមហ៊ុនស្រាវជ្រាវខាងលើ បានឱ្យដឹងទៀតថា សកម្មភាពទីផ្សារអាចនឹងកើនឡើង បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ៕ប្រភព៖Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here