ដោយ: គង់ លាងហួរ
បាងកក: គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស Land Bridge របស់ប្រទេសថៃ ដែលគ្រោងចំណាយទុន២៨ពាន់លានដុល្លារ ដែលតភ្ជាប់ឈូងសមុទ្រថៃ ទៅកាន់ឆ្នេរសមុទ្រ Andaman កំពុងបើកការដ្ឋានសាងសង់ផ្នែកខ្លះជាបណ្តើរៗហើយ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅឯការដ្ឋានសាងសង់ដំណាក់កាលដំបូង ដែលតភ្ជាប់ពីខេត្តRanong ទៅកាន់ខេត្ត Chumpon។
-->
គម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះ មិនត្រឹមតែអាចជួយជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ដំណោះស្រាយក្នុងតំបន់ និងអន្តរទ្វីបដ៏សំខាន់ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ដឹកទំនិញផ្លូវទឹកនៅច្រកសមុទ្រ ម៉ាឡាកាផងដែរ។
លោក សេដ្ឋា ថាវីស៊ីន បានលើកឡើងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងនេះ ដោយលោកបានសង្កត់ធ្ងន់ថា “គម្រោង Land bridge ដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រ Andaman ទៅកាន់ពិភពលោក គឺមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ដឹកទំនិញតាមរយៈផ្លូវទឹក”។
លោកបន្ថែមថា “ការស្ថាបនាគម្រោងនេះ ក៏នឹងនាំមកនូវការអភិវឌ្ឍន៍ដល់ប្រទេសថៃផងដែរ ខណៈគម្រោងខ្នាតយក្សមួយនេះអាចជួយស្រូបទាញ អ្នកវិនិយោគបរទេសកាន់តែច្រើន ចូលមកបណ្តាក់ទុននៅក្នុងប្រទេសរបស់យើង”។
បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូន រហូតដល់ទៅ៦០ភាគរយ នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក៕ ប្រភព៖Bangkok Post៕