Hattha top Banner

ក្រសួងទេសចរណ៍ សហការក្រុមហ៊ុនអាមេរិកដើម្បីជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ មន្ត្រី​ក្រសួងទេសចរណ៍ និង​តំណាង​ក្រុមហ៊ុន Royal Caribbean Group របស់​សហរដ្ឋអាមេរិក បាន​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ជំរុញ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

កិច្ចសហប្រតិ​បត្តិការនេះ ធ្វើឡើងតាមរយៈ​កប៉ាល់​ទេសចរណ៍(Cruise Tourism) ជាពិសេស​ការនាំយក​ក​ប៉ាល់​ទេសចរណ៍​របស់​ក្រុមហ៊ុន​នេះ​មក​ទស្សនា និង​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​។

កិច្ចពិភាក្សា​នេះ ធ្វើឡើង​នៅ​ជំនួប​រវាង លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការ​អភិវឌ្ឍ​ទេសចរណ៍ និង​លោកJoni Gevriye តំណាង​ក្រុមហ៊ុន Royal Caribbean Group កាលពី​ថ្ងៃទី ​២ ខែកុម្ភៈ ឆ្នាំ ២០២៤​។

លោក ជួប រតនា បាន​បង្ហោះ​ខ្លឹមសារ​នៃ​ជំនួប​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា កិច្ច​ប្រជុំបាន​ឯកភាព​លើ​នីតិវិធី​បន្ទាប់ ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចូល​ចត​ជាក់ស្តែង និង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ សម្រាប់​ធ្វើជា​របាយការណ៍​សង្ខេប​ពី​លក្ខណៈ​បច្ចេកទេស និង​សេវាកម្ម ដើម្បីឱ្យ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Royal Caribbean Group ត្រួតពិនិត្យ មុននឹង​សម្រេច​ដាក់​ខេត្ត​ព្រះសីហនុ ចូលទៅក្នុង​កញ្ចប់​ធ្វើដំណើរ​ទេស​ចរណ៍​រប​ស់​ក្រុមហ៊ុន​នៅពេល​ខាងមុខ​។ តំណាង​ក្រុមហ៊ុន Royal Caribbean Group បានលើកឡើង​ពី​ចំណុច​គន្លឹះ​សំខាន់ៗ​ ដែល​ត្រូវ​សិក្សា​ដើម្បី​បង្កលក្ខណៈ​ដល់​ការចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ និង​ការទាក់ទាញ​កញ្ចប់​ទេស​ចរណ៍​រួមមាន ទី១ ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផែ​ចូល​ចត កប៉ាល់​ទេសចរណ៍ ទី២​បែបបទ​អន្តោប្រវេសន៍​ សម្រាប់​ទេស​ចរ​ចូល​ទស្សនា ​ខេត្ត​ព្រះសីហនុ និង​ការតភ្ជាប់​កញ្ចប់​ទស្សនា​ទៅ​គោលដៅ​នានា។

ទី៣​ បែបបទ​គយ​សម្រាប់​ត្រួតពិនិត្យ​ អំឡុងពេល​ចូល​ចត និង​ទី៤​​ទំនាក់ទំនង​ជាមួយ​ទីភ្នាក់ងារ​ សម្របសម្រួល​កំពង់ផែ (Port Agents) និង​ទីភ្នាក់ងារ​ទេសចរ​ណ៍ ស​ម្រា​ប់លក់​កញ្ចប់​ទស្សនា​ខេត្ត​ព្រះសីហនុ ឬ​គោលដៅ​ត​ភ្ជាប់​នានា​។

លោក ជួប រតនា ក្រុមហ៊ុន Royal Caribbean Group ជា​ក្រុមហ៊ុន​យក្ស​លំដាប់​ទី​ពី​រ លើ​ពិភពលោក​ខាង​វិស័យ​កប៉ាល់ ​ទេសចរណ៍ និង​បាន​ដំណើរការ​ទេសចរ​តាម​កប៉ាល់ នៅ​ទូទាំង​ពិភពលោក​តាមរយៈ​កប៉ាល់​ទេសចរ​សរុប​ចំនួន២៨កប៉ាល់​។

លោក​រំពឹងទុក​ថា​ ​ការភ្ជាប់​ទំនាក់ទំនង​ ជាមួយ​ក្រុមហ៊ុន​ខាងលើ នឹង​នាំ​ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក មក​ទស្សនា​ខេត្ត​ព្រះសីហនុ និង​ទទួលយក​បទពិសោធន៍​ថ្មី ​ពី​គោលដៅ​តារា​រះ​នា​ទិសនិរតី ខណៈ​រដ្ឋាភិបាល​ កំពុង​ខិតខំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នៅពេល​ខាងមុខ​​៕

LEAVE A REPLY

Please enter your comment!
Please enter your name here