ដោយៈ គង់ សូរិយា
កោះកុងៈ ការបើកដំណើរការព្រលានយន្តហោះ អន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ដែលសាធារណៈជនរង់ចាំជាយូរមក បានស្ថិតក្នុងភាពមិនច្បាស់លាស់សាជាថ្មី។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៥ កុម្ភៈម្សិលម៉ិញនេះថា គំរោងបើកដំណើរការព្រលានយន្តហោះនេះ ស្ថិតនៅសឆ្ងាយនៅឡើយ ដោយសារក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា “តំណាងក្រុមហ៊ុនគាត់បានលើកឡើង ពីផលប៉ះពាល់ ខាងវិស័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជារួម ក៏ដូចជាគម្រោងសាងសង់ជាច្រើនត្រូវបានជាប់គាំង”។
លោកបានរំលឹកថា អំពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងមកខាងអាកាសចរណ៍ស៊ីវិលអាចបញ្ជាក់បាន នូវចំណុចមួយចំនួនដូចជា ទី១ ការដ្ឋានសាងសង់នៅបន្តតែពុំមានការ ប្រែប្រួលគួរអោយកត់សំគាល់ឡើយ ក្នុងដំណើរការសាងសង់រប៉េះរបោះមានកម្មករចំនួនតិចតួច។
ទី២ យើងបានណែនាំជូនតំណាងក្រុមហ៊ុន ធ្វើលិខិតអំពីវឌ្ឍនភាព និងផែនការសាងសង់ជំហ៊ានថ្មី ដាក់ជូនមករដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ជូនជ្រាបជាពត៌មាន។
លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា “បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំក្រុមហ៊ុន និងក្រុមការងារបានត្រឡប់ទៅចិនវិញ ដោយសារត្រូវវិស្សមកាល ក្នុងឱកាសចូលឆ្នាំចិន”។
ខេត្តកោះកុង ជាតារារះនាទិសនារតី ដែលមានសក្តានុពលលើទេសចរណ៍ធម្មជាតិដ៏សមហ្បូរបែប រួមមានព្រៃភ្នំ ទឹកជ្រោះ ដងព្រែក តំបន់ឆ្នេរ ដ៏ស្រស់ស្អាត និងរំណីយដ្ឋានធម្មជាតិជាច្រើនទៀត។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថា ខេត្តកោះកុងមានសក្តានុពលទេសចរណ៍ ធម្មជាតិដ៏សម្បើម ដែលយើងមិនទាន់បានទាញយកមកប្រើប្រាស់ នូវសក្តានុពលទាំងនោះអស់នៅឡើយ។
លោកស្រីបន្តថា “ ខេត្តនេះមានតំបន់ទេសចរណ៍ ដ៏អាថ៌កំបាំង និងទាក់ទាញខ្លាំងណាស់ ហេតុនេះបើព្រលានយន្តហោះបើកដំណើរការ នឹងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ និងភ្ញៀវទេសចរណ៍មានជម្រើសកាន់តែច្រើន ក្នុងការមកសម្រាកកំសាន្ត”៕