Hattha top Banner

ខណ្ឌទួលគោក ត្រូវបានកំណត់ជាតំបន់ស្នូលអភិវឌ្ឍនៃ រាជធានីភ្នំពេញ

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ខណ្ឌទួលគោក ជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤ របស់រាជធានីភ្នំពេញ និងត្រូវបានកំណត់ជាតំបន់ស្នូល អភិវឌ្ឍនៃរាជធានីភ្នំពេញ ក្នុងចំណោមតំបន់ស្នូល អភិវឌ្ឍចំនួនបីផ្សេងទៀត។

ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ជាទីក្រុងចាស់និងជាមជ្ឈមណ្ឌលវប្បធម៌ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមដែលមានការអភិវឌ្ឍ ប្រកបដោយសក្តានុពលប្រកួតប្រជែង និងនិរន្តរភាពលើគ្រប់វិស័យ។ បើតាមប្លង់គោលប្រើប្រាស់ខណ្ឌទួលគោក ចក្ខុវិស័យឆ្នាំ២០៣៥។

បច្ចុប្បន្ន ខណ្ឌទួលគោកមានព្រំប្រទល់ ផ្នែកខាងជើងជាប់នឹងខណ្ឌឫស្សីកែវ ផ្នែកខាងត្បូងជាប់នឹងខណ្ឌមានជ័យ ខណ្ឌបឹងកេង​កង ផ្នែកខាងលិចជាប់នឹងខណ្ឌសែនសុខ និងផ្នែកខាងកើតជាប់នឹងខណ្ឌដូនពេញ ខណ្ឌ៧មករា។ ខណ្ឌទួលគោកមានផ្ទៃដីប្រមាណ​៧៩៨, ៩០ហិកតា និងចែកជា១០សង្កាត់និង១៤៣ភូមិ។ក្នុងគោលដៅធានាការគ្រប់គ្រង និងការអភិវឌ្ឍខណ្ឌទួលគោកប្រកបដោយពីរភាព គណៈកម្មាធិការរៀបចំ ដែនដីនិងនគរូបនីយកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយឥន្ធខណ្ឌមួលគោកក្រោម ការគាំទ្របច្ចេកទេស ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកចក្ខុវិស័យឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់​គ្រង និងតម្រង់ទិសការអភិវឌ្ឍដែនដីខណ្ឌ ទួលគោកទាំងមូលឱ្យស្របតាមចក្ខុវិស័យ គោលនយោបាយជាតិស្តីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។

ដើម្បីកំណត់ចក្ខុវិស័យប្លង់គោល ប្រើប្រាស់ដីខណ្ឌទួលគោកដល់ឆ្នាំ២០៣៥ ក្របខណ្ឌសង្គម-សេដ្ឋកិច្ច ត្រូវបានសិក្សាវិភាគតាមបែបវិទ្យាសាស្ត្រ ដោយផ្នែកតាមលទ្ធផល នៃជំរឿនទូទៅនូវប្រជារាស្ត្ររបស់ប្រទេសកម្ពុជា ឆ្នាំ២០០៨ និងជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩។
តាមរយៈការសិក្សាខាងលើនេះ ខណ្ឌទួលគោកមានផ្ទៃដីប្រមាណ៧៩៨,៩០ហិកតា ប្រជាជននៅឆ្នាំ២០០៨ មានចំនួន១៧១ ២០០នាក់ និងនៅឆ្នាំ២០១៩ មានចំនួន១៤៥,៥៧០នាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០៣៥ ប្រជាជននឹងថយចុះមកត្រឹមចំនួន ១២៧,១១៥នាក់ ផ្នែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ។

ចំនួនប្រជាជនឆ្នាំ២០១៩ មានការថយចុះជាងឆ្នាំ២០០៨ ដែលអាចបណ្តាល មកពីចលនាបំលាស់ទីចេញ ពីខណ្ឌទួលគោកទៅរស់នៅខណ្ឌផ្សេងទៀត ឬតាមបណ្តាខេត្តផ្សេងៗ និងវិធីសាស្ត្រប្រមូលទិន្នន័យរវាងការធ្វើជំរឿន និងទិន្នន័យមូលដ្ឋានមានភាពខុសគ្នា។

ជាមួយគ្នានេះ ការបែងចែកកម្លាំងពលកម្ម តាមវិស័យសេដ្ឋកិច្ចសម្រាប់ខណ្ឌទួលគោកនៅឆ្នាំ២០០៨ ប្រជាជនដែលធ្វើការក្នុងវិស័យកសិកម្មមានចំនួន ៥៩៨នាក់ ស្មើនឹង០, ៨០% វិស័យឧស្សាហកម្មមានចំនួន១៤,១១២នាក់ ស្មើនឹង១៨,៤០% និងវិស័យសេវាកម្មមានចំនួន៦២,០០៣នាក់ ស្មើនឹង៨០, ៨០% ហើយរំពឹងថានៅឆ្នាំ២០៣៥ ប្រជាជនដែលធ្វើ ការក្នុងវិស័យកសិកម្ម នឹងថយចុះមកត្រឹមចំនួន០នាក់ ស្មើនឹង០% វិស័យឩស្សាហកម្ម នឹងថយចុះមកត្រឹមចំនួន១២,០១២នាក់ ស្មើនឹង២៧,០០% និងវិស័យសេវាកម្មនឹងថយចុះមកត្រឹមចំនួន៣២,៤៧៨នាក់ស្មើ នឹង៧៣, ០០%។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោកគឺសំដៅរៀបចំ និងអភិវឌ្ឍទណ្ឌទួលគោកជា “តំបន់ស្នូលមួយក្នុងរាជធានីភ្នំពេញ ប្រកបដោយសក្តានុពល ការប្រកួតប្រជែងខ្ពស់ និងការទាក់ទាញផ្នែក លំនៅឋាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ សេវាកម្ម និងវប្បធម៌ តាមរយៈការជំរុញរួមមាន ទី១-លើកកម្ពស់ការ គ្រប់គ្រង ការអភិវឌ្ឍ និងការកែលមួនគរូបនីយកម្ម និងការគ្រប់គ្រងការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅមានគុណភាពបរិស្ថានរស់នៅល្អ និងសកម្មភាពទីក្រុងរស់រវើក ប្រកបដោយភាពឆ្លាត ចីរភាព និងបរិយាបន្ន។

ទី២-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារនិងសេវាទីក្រុងសម្បូរបែបប្រកបដោយគុណភាពបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងធ្វើសមាហរណកម្មទៅក្នុងតំបន់ ដើម្បីធានាគុណភាពរស់នៅល្អប្រសើរ ទី៣-អភិវឌ្ឍពាណិជ្ជកម្ម ធុរកិច្ច និងសេវាកម្មសម្បូរបែប ទី៤-អភិវឌ្ឍន៍លើកកម្ពស់ការគ្រប់គ្រង អភិបាលកិច្ចល្អ ការអភិវឌ្ឍសង្គម និងការផ្តល់សេវា សាធារណៈល្អ និងទី៥-លើកកម្ពស់កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ។

ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីខណ្ឌទួលគោក នឹងចូលរួមសម្រេចចក្ខុវិស័យប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ សំដៅធ្វើឱ្យរាជធានីភ្នំពេញដែលជា “បេះដូងរប​ស់ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅលើចំណុចពិសេសនៃប្រស​ព្វទន្លេបួនមុខ ហៅថាទន្លេបួនមុខ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ប្រកបដោយសក្តានុពល ប្រកួតប្រជែងជាមួយការ អភិវឌ្ឍមួយប្រកប​ដោយវឌ្ឍនភាព សមធម៌ និងចីរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here