Hattha top Banner

សម្តេចធិបតីៈ គោលនយោបាយរបស់រដ្ឋាភិបាលគ្រប់អាណត្តិធ្វើយ៉ាងណាឲ្យប្រទេស និងប្រជាពលរដ្ឋរីកចម្រើន

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។សម្តេចមហាបវរធិបតីបានបញ្ជាក់ថា “គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងបានកាន់តែរីកចម្រើន តាមរយៈការធ្វើឲ្យប្រជាពលរដ្ឋយើងមានភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់យើង”។ សម្តេចបន្ថែមថា “ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ គឺជាការបង្កើតនូវបរិស្ថានចាំបាច់ ដែលអាចឲ្យយើងអនុវត្តន៍ជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្របញ្ចកោណកន្លងទៅ”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើង ត្រូវបានកាត់បន្ថយពីជាង៥០% នៅឆ្នាំ១៩៩៧ ចុះមកដល់១៧% នៅឆ្នាំនេះ ដែលកើនបន្តិចហើយ ខណៈដែលពីមុនមានជំងឺកូវីដ១៩ អត្រានៃភាពក្រីក្ររបស់ពលរដ្ឋមានទាបជាងនេះ។ កំណើនសេដ្ឋកិច្ចកម្ពុជា៧% តាំងពីពេលដែលយើងបានសន្តិភាពរហូតទៅដល់កូវីដ១៩ ដែលនោះមានន័យថា ជីវភាពប្រជាជនយើងបានរីកចម្រើន អ្នកដែលធ្លាប់នៅក្រោមបន្ទាត់ភាពក្រីក្របា​ន​ក្លាយទៅជាអ្នកដែលមានជីវភាពមធ្យម និងអ្នកដែលមានជីវភាពមធ្យម ភាគច្រើនបានក្លាយទៅជាអ្នកដែលមានជីវភាពខ្ពស់ នៅក្នុងរយៈពេល ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម។សម្តេចមហាបវរធិបតីបានបន្ថែមថា ជាការសោកស្ដាយណាស់ដែលកូវីដ១៩ បានឈានមកដល់ ហើយបើសិនជាគ្មានវិបត្តិជំងឺកូវីដ១៩ នោះទេជីវភាពរស់នៅរបស់ប្រជាជនកាន់តែកើនឡើង ប៉ុន្តែយើងនិយាយនេះ មិនមានបានន័យថាយើងអង្គុយយំ កើតទុក្ខនឹងអ្វីដែលកើតមាននោះទេ យើងត្រូវទទួលស្គាល់ការពិត ហើយយើងត្រូវធ្វើយ៉ាងណា ​ដើម្បីជួយបន្តនូវនិរន្តភាព និងចិរភាពនៃការអភិវឌ្ឍបន្តទៀត ព្រោះធម្មតាការឡើងចុះនៃសេដ្ឋកិច្ចជាតិ ការឡើងចុះនៃប្រទេ​សជាតិគឺជាការធម្មតា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើមិនមានវិបត្តិកូវីដ១៩ ក៏អាចមានវិបត្តិអតិផរណាពិភពលោក ឬមួយក៏កត្តាណាមួយដែលយើងតែងតែមាន ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែលវិបត្តិផ្ទួនៗ ពីកូវីដ១៩ ក៏ដូចជាវិបត្តិអតិផរណា និងសង្គ្រាមផ្សេងៗនៅតំបន់ផ្សេងៗ ដែលកំពុងកើតមានក៏ជះឥទ្ធិពលដល់កម្ពុជា ។ហេតុដូច្នេះហើយ ទាមទារឲ្យកម្ពុជាយើងត្រូវដៃម្ខាង ដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាងកសាងពង្រឹងមូលដ្ឋាន សម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ។ បើយើងនិយាយពីបញ្ហាចំពោះមុខ គឺធ្វើយ៉ាងណា ដើម្បីទប់សភាពការណ៍កុំឲ្យវាអាក្រក់បំផុត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើនិយាយអំពីជីវភាពរស់នៅរបស់ប្រជាជនត្រូវធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋយើងលំបាក ជាពិសេសបញ្ហាជីវភាព។

ទាក់ទងគោលនយោបាយសង្គមកិច្ចវិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ​:ពេលប៉ុន្មានឆ្នាំនេះ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាព តាមរយៈបណ្ណសមធម៌ និងបណ្ណប.ស.ស. អ្នកដែលបានផល់មានជាង៦,៥លាននាក់ ចំណាយថវិកាប្រហែល១០០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចបញ្ជាក់ថា គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ​:ពេលប៉ុន្មានឆ្នាំនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធានានូវការដោះស្រាយបញ្ហាចំពោះមុខ និងបញ្ហាសេដ្ឋកិច្ចជាតិ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាព តាមរយៈបណ្ណសមធម៌ និងបណ្ណប.ស.ស.។

សម្ដេចធិបតីបានបន្តថា ចំពោះហានិភ័យដែលប្រឈមតាំងពីជំនាន់កូវីដ១៩នោះ មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា និងគ្រោះទឹកជំនន់ ប្រជាពលរដ្ឋដែលទទួលបានផលមាន៤លាន៩សែននាក់ ហើយប្រើប្រាស់ថវិកាជិត១៤០០លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។

សម្តេចធិបតីបានថ្លែងទៀតថា ប្រទេសមួយមានសេដ្ឋកិច្ចប្រកប​ដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង។ ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាព ក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here