ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីកម្ពុជាអះអាងថា កំពង់ផែអន្តរជាតិឡុងអាន (Long An)នៅប្រទេសវៀតណាម មានសក្ដានុពល និងអាចប្រែក្លាយទៅជាស្ពានតភ្ជាប់រំហូរពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់ប្រទេសវៀតណាម និងកម្ពុជា។
កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ សម្រាប់ទំនិញឆ្លងកាត់ពីកម្ពុជាផងដែរ។អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានលើកឡើងយ៉ាងដូចនេះ បន្ទាប់ពីលោកបានបំពេញ ដំណើរទស្សនកិច្ចការងារ ទៅកាន់ខេត្តLong An ប្រទេសវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។
កំពង់ផែ Long An ស្ថិតក្នុងទីតាំងភូមិសាស្ត្រអំណោយផល ដែលត្រូវបានគេរំពឹងថា នឹងមិនត្រឹមតែក្លាយជា មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ទំនិញរវាងប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពងាយស្រួល សម្រាប់ការដឹកទំនិញ រវាងប្រទេសផ្សេងៗទៀតផងដែរ។
-->
លោក ប៉េង ពោធិ៍សា បានបញ្ជាក់ទៀតថា នៅពេលដែលកំពង់ផែ បើកដំណើរការតាមការគ្រោងទុក វានឹងរួមចំណែកក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជា ក៏ដូចជារវាងកម្ពុជា និងដៃគូអន្តរជាតិផងដែរ។
អភិបាលខេត្តស្វាយរៀងរូបនេះបានសង្កត់ធ្ងន់ថា នៅពេលដែលកំពង់ផែLong An ប្រែក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ សម្រាប់ពាណិជ្ជកម្ម នោះវានឹងជួយបង្កើតផ្លូវ ដឹកជញ្ជូនអន្តរជាតិចម្រុះ ពីកម្ពុជា ដោយឆ្លងកាត់ប្រទេសវៀតណាម ឆ្ពោះទៅកាន់ប្រទេសនានាជុំវិញពិភពលោក។
លោក ប៉េង ពោធិ៍សា បានបន្ថែមថា ការណ៍នេះនឹងជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្ម របស់ខេត្តស្វាយរៀង និងខេត្ត Long An ព្រមទាំងលើកកម្ពស់ ការប្រកួតប្រជែងផ្នែកខ្សែសង្វាក់ ផ្គត់ផ្គង់ទំនិញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗកន្លងទៅ បណ្តាសហគ្រិនវៀតណាម និងកម្ពុជាជាច្រើន បានធ្វើដំណើរទស្សនកិច្ច មកកាន់ទីក្រុងLong An ដើម្បីស្វែងយល់ពីលទ្ធភាពនាំទំនិញចូល និងចេញពីកម្ពុជាតាមរយៈកំពង់ផែនេះ។
កំពង់ផែ Long An គ្របដណ្តប់លើផ្ទៃដី១៤៧ហិកតា និងជាតំណភ្ជាប់ដ៏សំខាន់ សម្រាប់ការធ្វើពាណិជ្ជកម្ម នៅក្នុងតំបន់ដីសណ្ដមេគង្គ ដែលរួមមានទីក្រុង Long An និងតំបន់ភាគខាងត្បូងចំនួន១២ផ្សេងទៀត៕ ប្រភព៖Tuoi Tre News៕