Hattha top Banner

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅឆ្នាំ២០២៦

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការ​សាងសង់​ចំណត​អ្នកដំណើរ​ថ្មី ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ គ្រោងនឹងបញ្ចប់នៅត្រឹម​ឆ្នាំ​២០២៦ ​ដើម្បី​ទាញយក​សក្តានុពល ​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​មក​កម្សាន្ត​តំបន់ឆ្នេរ​ប្រទេស​កម្ពុជា ​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​។​

ក្រុមហ៊ុន VINCI Airports គឺជា​ភាគ​ហ៊ុ​និក​ដ៏​ធំ​នៃ​ក្រុមហ៊ុន Cambodia Airports ដែល​បាន​គ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ក្នុងប្រទេស​កម្ពុ​ជាជាង២០​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ក្រុមហ៊ុន​នេះ​បានទទួល​សម្បទាន​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋា​ភិ​បាល ចាប់​តាំងពី​ឆ្នាំ​១៩៩៥​។​លោក Emmanuel Menanteau ប្រធាន​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន VINCI បាន​ជួប​លោកស៊ុន ចាន់ថុល ឧបនាយក​​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ​នៃ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ បាន​ពិភាក្សា​អំពី​ផែនការ​វិនិយោគ ​របស់​ក្រុមហ៊ុន​លើ​វិស័យ​អា​កាស​ចរណ៍​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។​

លោក Emmanuel បាន​ជម្រាបជូន​លោក ចាន់ថុល ថា បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រោង ​នឹង​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថ្មី ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះ​សី​ហ​នុ ដោយ​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២៦ ខាងមុខនេះ។ ​

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោកធួន ស៊ីណាន បាន​ស្វាគមន៍​ចំពោះ​ការពង្រីក ​ការវិនិយោគ​លើ​ព្រលានយន្តហោះ​នេះ។ លោក​ពន្យល់ថា បច្ចុប្បន្ន​ទោះបី​វិស័យ​ទេសចរណ៍​ត្រូវបាន​កែលម្អ​ជា​បណ្តើរៗ ក៏​វា​មិនទាន់​ឈានដល់​កម្រិត​មុន​វិបត្តិ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ដែល​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​រាប់​លាន​នាក់ ជា​ពិសេស​មកពី​តំបន់​អឺរ៉ុប​។​

លោក​ថ្លែងថា “​ក្រុមហ៊ុន​មាន​ផែនការ​យុទ្ធសាស្ត្រ​របស់​ពួកគេ ខណៈ​ពួកគេ​ព្យាករ​ថា ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​តំបន់ឆ្នេរ​ នឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ដូច្នេះ​ផែនការ​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថ្មី​នេះ នឹង​ឆ្លើយតប​ការកើនឡើង ​នៃ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​”។​

រយៈពេល​ជាង២០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន VINCI Airports បាន​ដំណើរ​​ការ​ ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន៣ នៅ​ប្រទេស​កម្ពុជា តាមរយៈCambodia Airports ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​។ បន្ទាប់ពី​ក្រុមហ៊ុន VINCI Airports បាន​វិនិយោគ២៧០​ លាន​អឺរ៉ូ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ​ព្រលាន​យន្តហោះ​ទាំង៣ ដែលបានទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៩​។​

ព្រលានយន្តហោះ​ក្នុង​ខេត្ត​ព្រះសីហនុ សៀមរាប និង​ភ្នំពេញ​ត្រូវបាន​ពង្រីក​ ដើម្បី​បំពេញតម្រូវការ​ ដែល​ជំរុញ​ដោយ​កំណើន​ចំនួន​អ្នកដំណើរ​ជា​បន្តបន្ទាប់​។ ព្រះសីហនុ គឺជា​ទីក្រុង​ជាប់មាត់​សមុទ្រ ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង ​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាពិសេស​បន្ទាប់ពី​មាន​ជើងហោះហើរ​ទៀងទាត់​ ទៅកាន់​គោលដៅ​នេះ​ត្រូវបាន​បើក​ដំណើរការ​កាលពី​ឆ្នាំ ​២០១១​។​

កាលពី​ឆ្នាំ ​២០២០ ព្រលានយន្តហោះ​នេះ​ បាន​ប្រារព្ធ​ពិធី​បញ្ចប់​ការជួសជុល​ផ្លូវ​រត់​របស់ខ្លួន​។ កម្មវិធី​វិនិយោគ៥៨​លាន​ដុល្លារ ​ដែល​ផ្តួចផ្តើមឡើង​កាលពី​ឆ្នាំ​ ២០១៨ និង​អនុវត្ត​ដោយ​ក្រុមហ៊ុន​ជា​ដៃគូ រួមមាន​ក្រុមហ៊ុន VINCI Construction Terrassement និង​ក្រុម​ហ៊ុន Soletanche Freyssinet មានន័យថា ព្រលានយន្តហោះ​នេះ​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ និង​ចម្ងាយ​ឆ្ងាយ​ដូចជា Boeing 777-300ER និង Airbus A350-1000 ជាដើម​។

ប្រព័ន្ធ​ភ្លើង​ផ្លូវ​រត់ LED ថ្មី​ក៏ត្រូវ​បាន​ដំឡើង​ផងដែរ ដើម្បី​បង្កើន​ភាព​អាច​មើលឃើញ​ច្បាស់ ​ពី​អ្នកបើក​យន្តហោះ និង​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​របស់​ព្រលានយន្តហោះ​មួយ​នេះ​។​

​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង៥,៤​លាន​នាក់ កាលពី​ឆ្នាំ​ ២០២៣ កើន​ជិត១៤០​ភាគរយ​ធៀប​ឆ្នាំ​២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន​៤ នៅ​តំបន់​អាស៊ី​មាន​ចំនួន​ជិត៧០ភាគរយ​ នៃ​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើ​យោង​​តាម​ក្រសួងទេសចរណ៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here