Hattha top Banner

គំរោងដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីព្រលានយន្តហោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានជម្រុញ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន ដើម្បីពិភាក្សាការងារស្តីអំពីការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើង ពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី លោកស៊ុន  ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Philippe Chatignoux ប្រធានផ្នែកសេវាសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមានការអមដំណើរដោយតំណាងមកពី Agence Francaise de Developpement (AFD) ក្រុមហ៊ុនRoyal Railway តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) លេខាធិ​ការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល(SSCA) និងព្រលានយន្តហោះកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីព្រលានយន្តអន្តរជាតិភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) នៅខែមីនាឆ្នាំ២០១៨ និងរិះរកមធ្យោបាយអនុវត្តន៍ ការផ្តល់សេវាដឹកជញ្ជូននេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នាផងដែរ អង្គប្រជុំបានយល់ព្រមពិនិត្យមើល ដំណោះស្រាយបណ្តោះអាសន្ន ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើររួមបញ្ចូលគ្នា ជាមួយនឹងការផ្តល់សេវារថយន្តក្រុង ពីស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតបារាំង និងភាគីក្រុមហ៊ុនចូលរួមពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងជំនួយបន្តរបស់ខ្លួនក្នុងការជួយពង្រឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

លោកស៊ុន ចាន់ថុល បានស្នើឱ្យព្រលានយន្តហោះកម្ពុជានិងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បំពេញការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តគម្រោងដ៏មានសារសំខាន់មួយនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here