Hattha top Banner

ក្រុមហ៊ុនមួយស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្ត កោះកុងលើផ្ទៃដីជិត២០០ហិកតា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យទីតាំង ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងស្រុកស្រែអំបិល ដែលគំរោងនេះគ្របដណ្តប់លើផ្ទៃដី១៨០ហិកតា។

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយ លោកប្រធានក្រុមការងារ នៃគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក។

ទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

គម្រោងអភិវឌ្ឍ និងវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំ១៨០ហិកតា ក្នុងទឹកដីឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ក្នុងទុនវិនិយោគ៨០លានដុល្លារអាមេរិក។ ក្នុងនោះឃុំជ្រោយស្វាយ តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាល ក៏កំពុងស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានា ផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរផងដែរ ហើយការស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ ក៏នឹងក្លាយជាចលករដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងនាមរដ្ឋបាលខេត្តលោកបណ្ឌិតអ៊ុក ភ័ត្រា បានស្នើទៅក្រុមហ៊ុនលើចំណុចមួយចំនួនដូចជា​ ទី ១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។

២-សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតឡើងជាយថាហេតុ ទី៣-សូមស្នើក្រុមហ៊ុនបន្តគាំទ្រ ដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានា ក្នុងខេត្តកោះកុង ទី៤-សូមគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បីអាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ។

ទី៥-សូមរៀបចំឱ្យបាននូវប្រព័ន្ធ គ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា និងទី៦-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here