ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ពាន ដែលមានឈ្មោះ1915 Çanakkale ត្រូវបានគេទទួលស្គាល់ថា ជាស្ពានយោលវែងជាងគេបំផុតរបស់ពិភពលោក ដែលលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រ Dardanelles និងតំណាងឱ្យសមិទ្ធិផល ផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុត ក្នុងប្រទេសទួរគី។
ស្ពាននេះតភ្ជាប់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ព្រមទាំងជាផ្លូវឆ្លងកាត់យ៉ាងលឿនបំផុត ដោយពុំចាំបាច់ធ្វើដំណើរតាមសាឡាង ដូចពីមុន ដែលជាធម្មតាត្រូវចំណាយពេលប្រហែលមួយម៉ោងកន្លះ។
ស្ពាននេះតភ្ជាប់ទីក្រុង Gelibolu នៅផ្នែកខាងតំបន់អឺរ៉ុប និងទីក្រុង Lapseki នៅផ្នែកខាងតំបន់អាស៊ី។ ការដាក់ឈ្មោះស្ពានហៅថា 1915 Çanakkale គឺសំដៅលើជ័យជំនះ របស់កងទ័ពជើងទឹកនៃចក្រភពអូតូម៉ង់ លើកងកម្លាំងអង់គ្លេស ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ដែលនៅពេលនោះ ចក្រភពអង់គ្លេសប៉ុនប៉ងគ្រប់គ្រងច្រកសមុទ្រ។






