Hattha top Banner

តើវិស័យសំខាន់ៗអ្វីខ្លះរបស់កម្ពុជានៅតែមានភាពធន់ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន៦,៦ភាគរយនៅឆ្នាំ២០២៤នេះ ដែលគាំទ្រដោយវិស័យសំខាន់ៗជាច្រើន ប៉ុន្តែបញ្ហាវិបត្តិកូវីដ១៩ ភូមិសាស្រ្តនយោបាយនៅតែមានភាពតានតឹង។

ប៉ុន្តែយ៉ាងណាឥទ្ធិពលទាំងនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចអះ​អាងថា ពុំបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជាឡើយ ហើយវិស័យសំខាន់ៗចំនួន៣ នៅតែមានភាពធន់ និងធានាដល់ស្ថិរភាព ក្នុងការជួយទ្រទ្រង់ដំណើការសេដ្ឋកិច្ចរបស់កម្ពុជា។ តើវិស័យសំខាន់ៗទាំងនោះមានអ្វីខ្លះ?។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធា​នវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ​សភាកម្ពុជាយល់ឃើញថា ទោះ​បីវិបត្តិសកល បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាមានភាពមិនច្បាស់លាស់ដ៏ដោយ តែវិស័យសំខាន់ៗ៣ រួមមាន វិស័យកាត់ដេរ វិស័យធនាគារ និងវិស័យ​ផលិតកម្មរបស់កម្ពុជា នៅមានតែមានភាពធន់ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះកត់សម្គាល់ឃើញថា ការបង្វែរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល មកផ្តោតលើវិស័យផលិតកម្ម ដោយយកមូលធនមនុស្សជាគោល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ បានលេចចេញជារូបរាងបណ្តើរៗហើយ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនឱ្យបាន១,៥លាននាក់ នៅក្នុងរយៈពេល៥ឆ្នាំ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ជឿជាក់ថា “កម្ពុជាអាចនឹងឈានដល់ការចាប់យក ឧស្សាហកម្មអេឡិចត្រូនិក និងឧស្សាហកម្មរថយន្តនាពេលខាងមុខ”។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤ នឹងបន្តនិន្នាការកើនឡើងជាមួយក្តីរំពឹងអាចសម្រេចបាន កំណើនក្នុងរង្វង់៦,៦% ដែលជួយជំរុញឱ្យផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា មានតម្លៃជាង៣៥ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះផលិតផលក្នុងសរុប សម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងកើនឡើងដល់២ពាន់៧១ដុល្លារអាមេរិក មានការកើនឡើងជាង១៥០ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ១ពាន់៩១៧ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here