Hattha top Banner

តម្លៃផ្ទះជួលខ្ពស់កំពុងក្លាយជាបញ្ហារាំងស្ទះដល់ជនបរទេស ដែលមានបំណងមករស់នៅប្រទេសជប៉ុន

0

ដោយ: គង់ លាងហួរ

តូក្យូ: កាលពីដំណាច់ឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងសុន្ទរកថា ទៅកាន់ថ្នាក់ដឹកនាំធុរកិច្ច នៅទីក្រុងញូវយ៉ក ដោយប្រកាសវិធានការថ្មី ដើម្បីទាក់ទាញក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមកកាន់ប្រទេសរបស់ខ្លួន។

វិធានការនោះរួមបញ្ចូលទាំង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលនីតិវិធីរដ្ឋបាល អាចត្រូវបានបំពេញបញ្ចប់ទាំងស្រុង ជាភាសាអង់គ្លេស និងការប្តេជ្ញាធ្វើឱ្យបរិយាកាសរស់នៅ កាន់តែប្រសើរឡើង ដើម្បីសម្របទៅនឹងតម្រូវការរបស់បុគ្គលិក ដែលផ្លាស់ទីលំនៅពីបរទេស។

ទីផ្សារជួលលំនៅដ្ឋានរបស់ប្រទេសជប៉ុន គឺជាបញ្ហាដ៏លំបាក ដែលកើតមានចំពោះជនបរទេស ព្រោះឧបសគ្គភាសាអាចរាំងស្ទះដល់ការស្វែងរកផ្ទះរស់នៅក្នុងប្រទេសមួយនេះ។
គំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ដាក់ចេញឡើង ខណៈដែលវិធានការរឹតត្បិត ជំងឺកូវីដបានបញ្ចប់ និងការកើនឡើងប្រជាប្រិយភាព របស់ប្រទេសជប៉ុនសម្រាប់វិនិយោគិន និងក្រុមហ៊ុនទូទាំងពិភពលោក ហើយចំនួនជនបរទេស ដែលផ្លាស់ទៅរស់នៅប្រទេសជប៉ុនកំពុងកើនឡើង។

កត្តាទាំងអស់នេះហើយ ដែលកំពុងជំរុញឱ្យថ្លៃផ្ទះជួល មានការកើនឡើង។ តួយ៉ាង  តម្លៃផ្ទះជួលជាមធ្យមក្នុងប្រទេសជប៉ុន នៅចន្លោះខែតុលា ដល់ខែធ្នូ បានកើនឡើង៣,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។នេះបើយោងតាមក្រុមហ៊ុន ​​Savills ។

ជាមួយគ្នានេះ ជនបរទេស​មួយចំនួន បាន​ស្វែង​រក​ជំនួយ​ពី​ក្រុមហ៊ុន​ឯកទេស ដែល​បម្រើសេវាកម្ម​ រាប់ចាប់​ពី​ការ​ស្វែង​រក​ផ្ទះ​រហូត​ដល់​ការ​រៀបចំ​ការ​អប់រំជាដើម។

ប៉ុន្តែក្រុមហ៊ុន​ឯកទេសទាំងនោះ មានថ្លៃសេវាខ្ពស់ពេក ដែលហួសពីថវិការបស់ជនបរទេសជាច្រើន ដូចជាលោក Paul Capodanno ដែលបានផ្លាស់ទីលំនៅពីទីក្រុងAustin រដ្ឋ Texas ទៅរស់នៅទីក្រុងតូក្យូ ក្នុងខែតុលា ដើម្បីបើកសាខាអាជីវកម្មថែទាំសុខភាព និងធ្មេញរបស់លោក។ លោកបានបញ្ជាក់ថា​ “ក្រុមហ៊ុនឯកទេស​ទាំងនោះ មាន​គុណប្រយោជន៍ ប៉ុន្តែ​សេវាកម្មរបស់ពួកគេមាន​តម្លៃ​ថ្លៃ​ណាស់”។

លើសពីនេះ លោក Capodanno ត្រូវបង់ថ្លៃ ដែលស្មើនឹងការជួលរយៈពេលពីរខែ ពោលគឺបង់ឱ្យទាំងភ្នាក់ងារអចលនទ្រព្យ និងបង់ឱ្យម្ចាស់ផ្ទះផងដែរ ព្រមទាំងបង់ប្រាក់កក់មុនមួយខែ និងការទូទាត់ថ្លៃជួលជាមុនចំនួន២ខែ។

ជាងនេះទៅទៀត នៅក្នុងប្រទេសជប៉ុន ផ្ទះជួលជាធម្មតាមិនមានបំពាក់គ្រឿងសង្ហារិមឡើយ ហើយការ​រក​ទិញ និង​ទិញ​គ្រឿង​សង្ហារិម​ពី​ហាង​ជជុះ​មួយ​ចំនួន​ធំ ​ក្នុង​ទីក្រុង​ដោយ​មិន​មាន​ជំនាញ​ភាសា​ជប៉ុន​ គឺ​ជា​ការ​លំបាកណាស់សម្រាប់ជនបរទេស៕ប្រភព៖Financial Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here