Hattha top Banner

កម្ពុជា និងភាគីថៃ គ្រោងចុះអនុស្សរណៈ នៃ ការយោគយល់ គ្នាលើកិច្ចសហប្រតិបត្តិសំខាន់ៗ ចំនួន៣ នៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
បាងកក: សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន នឹង អញ្ជើញ ជា អធិបតី ក្នុង ពិធី ចុះហត្ថលេខា លើ អនុស្សរណៈ នៃ ការយោគយល់ គ្នា (MOU) ចំនួន ៣ នៅថ្ងៃពុធនេះ។

ការចុះអនុស្សរណៈ នៃ ការយោគយល់ គ្នានេះ នឹងគ្របដណ្តប់ ទៅលើ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ពាណិជ្ជកម្ម ឆ្លងដែន ការស្រាវជ្រាវ វិទ្យាសាស្ត្រ និង ការច្នៃប្រឌិតថ្មី រួមទាំងប្រព័ន្ធ តាមដាន និង ព្រមាន គ្រោះមហន្តរាយ រួមគ្នា។

យោងតាមប្រភពពីរដ្ឋាភិបាលថៃ បានបញ្ជាក់ឱ្យដឹងថា ខ្លឹមសារ MOU ទី១ មានគោលបំណងលុបបំបាត់ឧបសគ្គពាណិជ្ជកម្មឆ្លងដែន និងសម្រួលការប្រមូលពន្ធ ក្នុងនីតិវិធីគយ។

ជាមួយគ្នានេះ ភាគីទាំង២ នឹងរួមគ្នាពិចារណាលើផលិតផលដែលគួរចរាចរណ៍ និងផ្លូវដឹកជញ្ជូន ព្រមទាំងចាត់តាំងភ្នាក់ងារទទួលបន្ទុកត្រួតពិនិត្យ និងប្រកាសសាលក្រម ក្នុងករណីមានវិវាទ។

ចំណែក MOU ទី២ នឹងត្រូវបានចុះហត្ថលេខា រវាងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ ខ្លឹមសារ MOU នេះ មានគោលដៅ ជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងប្រទេសទាំង២ ក្នុងការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។

ទន្ទឹមគ្នានោះ ខ្លឹមសារ MOU ទី៣ចុងក្រោយ មានគោលបំណងកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតាមដាន និងព្រមានដែលមានស្រាប់។

ក្រោមអនុស្សារណៈយោគយល់គ្នានេះ ទីភ្នាក់ងារថៃ និងកម្ពុជានឹងផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យសិក្សាស្តីពីការព្រមានអំពីគ្រោះមហន្តរាយទៅវិញទៅមក និងចំណេះដឹងស្តីពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនភាពសុក្រឹត្យភាព និងប្រសិទ្ធភាពឱ្យបានត្រឹមត្រូវ។

លើសពីនេះទៀត ប្រទេសជិតខាងទាំងពីរក៏នឹងរួមគ្នារៀបចំសមយុទ្ធហ្វឹកហ្វឺនសម្រាប់ការជម្លៀសប្រជាជនជាបន្ទាន់ ក្នុងករណីចាំបាច់ផងដែរ៕ប្រភព៖ The Nation៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here