Hattha top Banner

ទីក្រុងឡុងដិ៍គ្រោងស្ថាបនាអគារខ្ពស់កប់ពពកមានរចនាបទ ប្លែកៗតម្លៃជាង៥០០លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រភពសារពត៌មាន BBC បានចុះផ្សាយថា ប្រទេសអង់គ្លេសគ្រោង នឹងសាងសង់អគារខ្ពស់កប់ពពកមួយទៀត ដែលមានកំពស់ស្មើនឹងអគារThe Shard។

កំពស់អគារ One Undershaft នឹងលូតឡើងដល់៧៤ជាន់។ នេះបើយោងតាមផែនការ ដែលបានកែសម្រួល និងត្រូវបានដាក់ជូនទៅកាន់ទីភ្នាក់ងាររដ្ឋាភិបាល “City of London Corporation”ដើម្បីអនុម័ត។

យោងតាមសំណើ ដែលត្រូវបានធ្វើវិសោធនកម្ម ទម្រង់អាគារនេះរួមមាន ការរចនាអគារជាថ្នាក់ៗ ជំនួសឱ្យការរចនាអគារជារាងចតុកោណ ខណៈដំបូងឡើយ អគារនេះបានទទួលការអនុម័តឱ្យសាងសង់ក្នុងឆ្នាំ២០១៦។នៅក្រោមផែនការថ្មីនេះ អ្នកអភិវឌ្ឍន៍គ្រោងសាងសង់អគារនេះឱ្យខ្ពស់ជាងផែនការពីមុនបន្តិច ដែលនឹងធ្វើឱ្យវាក្លាយជាអគារខ្ពស់ជាងគេបំផុតទី១ របស់ទីក្រុងឡុងដិ៍  ជាមួយនឹងកំពស់៣០៩,៦ម៉ែត្រ ដែលស្មើនឹងអគារ The Shard ។

អគារ One Undershaft នឹងត្រូវបានសាងសង់នៅចន្លោះអគារ Gherkin និងអគារ Cheesegrater ដែលធ្វើឱ្យវាក្លាយជាអគារខ្ពស់បំផុត នៅក្នុងសង្កាត់ហិរញ្ញវត្ថុរបស់ទីក្រុងឡុងដិ៍ ខណៈការសាងសង់នឹងចាប់ផ្តើមឡើង បន្ទាប់ពីការកម្ទេចចោលអគារ Aviva Tower ដែលមានស្រាប់។

ប្រសិនបើផែនការដែលបានធ្វើវិសោធនកម្មរួច ត្រូវបានអនុម័តដោយរដ្ឋាភិបាល នៅក្នុងខែឧសភាខាងមុខ នោះ អគារខ្ពស់កប់ពពកមួយនេះ នឹងត្រូវបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នៅត្រឹមឆ្នាំ២០៣០។

អគារ One Undershaft គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ៥០១,៨លានដុល្លារអាមេរិក ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនសិង្ហបុរី ឈ្មោះ Perennial Group និងរចនាដោយស្ថាបត្យករដ៏ល្បីឈ្មោះ គឺលោកEric parry៕

LEAVE A REPLY

Please enter your comment!
Please enter your name here