Hattha top Banner

កម្ពុជារៀបចំវេទិកាជម្រុញការវិនិយោគពីកូរ៉េមកកាន់កម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងសមាគមធុរកិច្ចកូរ៉េបានរៀបចំ វេទិកាជំរុញ និងទាក់ទាញវិនិយោគកម្ពុជា- កូរ៉េ នឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមាន សម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េ មកកាន់កម្ពុជាឱ្យកាន់​តែមានកំណើនគួរឱ្យកត់សម្គាល់។

កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំក្រុមការងារទទួលជួបពិភាក្សា ការងារជាមួយទីភ្នាក់ងារជំរុញវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) តំណាងដោយ លោក Hacheong Yun អគ្គនាយកKOTRAភ្នំពេញ ក្នុងគោលបំណងពិភា​ក្សាអំពីកិច្ចសហប្រតិបត្តិការ ចំពោះមុខពាក់ព័ន្ធនឹងសកម្មភាពជំរុញ និងទាក់ទាញវិនិយោគមកកាន់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

លោកសួន សុផលបានរំលឹកឡើងវិញអំពីអត្ថិភាពនៃតុវិនិយោគកូរ៉េ (Korea Desk) ដែលជាមរតកដ៏មានតម្លៃ នៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងកិច្ចការវិនិយោគឯកជន។

បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណ ជូនចំពោះភាគីមិត្តដែលមានបំណងរៀបចំវេទិកាជំរុញ និងទាក់ទាញវិនិយោគមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខ សំដៅបញ្ជ្រាបការឈ្វេងយល់ ដល់ធុរជន និងវិនិយោគិនកូរ៉េអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកមានសុទិដ្ឋិនិយមថាវេទិកា នាពេលខាងមុខនឹងពាំនាំមកនូវផ្លែផ្កាវិជ្ជមាន សម្រាប់រុញច្រានរំហូរវិនិយោគពីកូរ៉េមកកាន់កម្ពុជា ឱ្យកាន់តែមានកំណើនគួរឱ្យកត់សម្គាល់។

ជាការឆ្លើយតប សមភាគីបានសម្តែងនូវការពេញចិត្ត ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពគាំទ្រនានា។ ក្នុងស្មារតីនេះ សមភាគី បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ផែនការសកម្មភាពជំរុញ និងទាក់ទាញវិនិយោគ នឹងសម្រេចជោគជ័យតាមការគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here