Hattha top Banner

សញ្ញាវិជ្ជមាន: សេដ្ឋកិច្ចរបស់ពិភពលោកប្រចាំឆ្នាំ២០២៤នេះ នឹងសម្រេចបានកំណើនខ្ពស់ជាងការព្យាករណ៍ពីមុន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  បានបង្កើនការព្យាករណ៍ សម្រាប់កំណើនសេដ្ឋកិច្ចរបស់ពិភពលោក នៅក្នុងឆ្នាំ២០២៤នេះ ដោយលើកឡើងពីការថយចុះ នៃអត្រាអតិផរណាលឿនជាងការរំពឹងទុក។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF  បានលើកឡើងថា បច្ចុប្បន្នភាពទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់យើងបានបង្ហាញថា “ការថយចុះនៃសេដ្ឋកិច្ចបានកើតឡើងក្នុង រយៈពេលខ្លី ប៉ុន្តែកំណើនសេដ្ឋកិច្ចទាំងមូល និងពាណិជ្ជកម្មសកលនៅតែមានកម្រិតទាប ជាងមធ្យមភាគប្រវត្តិសាស្ត្រដដែល”។

លោកបានបន្តថា “សេដ្ឋកិច្ចពិភពលោក បានបន្តបង្ហាញភាពធន់គួរឱ្យកត់សម្គាល់ ដោយសារអតិផរណាបានធ្លាក់ចុះជាលំដាប់ ហើយកំណើនសេដ្ឋកិច្ចកំពុងកើនឡើង”។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។

ប៉ុន្តែលោកបានព្រមានថា មូលដ្ឋាននៃកំណើនមានសភាពយឺតយ៉ាវ ហើយហានិភ័យនៅតែកើតមាន ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងការវាយប្រហារនៅសមុទ្រក្រហ​ម ដែលអាចរំខានដល់តម្លៃទំនិញ និងខ្សែសង្វាក់ផ្គត់ផ្គង់។

មូលនិធិ IMF បានបន្តថា ទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចសកល ត្រូវបានជំរុញគាំទ្រ តាមរយៈការចំណាយឯកជន និងសាធារណៈកាន់តែច្រើន ក៏ដូចជាការកើនឡើង នៃការចូលរួមកម្លាំងពលកម្ម ការកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់  គួបផ្សំនឹងការថយចុះនៃតម្លៃថាម​ពល និងទំនិញ។

នៅពេលនេះ មូលនិធិ IMF បានបង្កើនការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៤ កើនឡើងដល់៣,១ភាគរយ បើធៀបនឹងការព្យាករណ៍ពីមុនក្នុងរង្វង់២,៩ភាគរយ។ សម្រាប់ឆ្នាំ២០២៥ខាងមុខ មូលនិធិ​IMF បានរក្សាការព្យា​ករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ក្នុងកម្រិត៣,២ភាគរយដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here