Hattha top Banner

តំបន់ទេសចរណ៍កោះកុងក្រៅត្រូវបានយកចិត្តទុកដាក់ ខណៈអាជ្ញាធរដាក់ចេញវិធានាការណ៍ចំនួន៣

0

        ដោយៈ គង់ សូរិយា

        កោះកុងៈ ក្រុមមន្រ្តីនៃលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់​គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានចុះពិនិត្យស្ថានភាពឆ្នេរសមុទ្រ ការងារអនាម័យ បរិស្ថាន និងទេសចរណ៍នៅកោះកុងក្រៅ។

តំបន់ទេសចរណ៍នេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ដោយមានការចាត់តាំងរបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត លោកអន សុធារិទ្ធ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមានការចូលរួមពីមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលស្រុកកោះកុង ឃុំជ្រោយប្រស់ បានចុះពិនិត្យស្ថានភាពឆ្នេរសមុទ្រ ការងារអនាម័យ បរិស្ថាន និងទេសចរណ៍នៅតំបន់ខាងលើនេះ។

ក្រោយការចុះពិនិត្យស្ថានភាពឆ្នេរទី៣ កោះកុងក្រៅ ក្រុមការ​ងារបានពិនិត្យឃើញថា មានការសម្អាតសំរាម និងមានការរៀបចំបន្ទប់ទឹក កន្លែងងូតទឹកសាប និងកន្លែងបោះតង់ ក្នុងនោះគឺនៅសល់សំរាមតិចតួចតាមឆ្នេរ ដែលនាំមកពីសមុទ្រ។

បន្ទាប់ពីការចុះពិនិត្យ និងប្រជុំពិភាក្សា ជាមួយកងកម្លាំងប្រចាំការនៅឆ្នេរសមុទ្រទី៣ កោះកុងក្រៅ គឺតាមបណ្តោយឆ្នេរសមុទ្រ នៃកោះកុងក្រៅ មិនមានប្រព័ន្ធទូរស័ព្ទនោះទេ និងជាលទ្ធផលលោកប្រធានគណៈកម្មាធិការ គ.អ.ឆ.ក ខេត្តកោះកុង បានដាក់ចេញទិសដៅចំនួន៣ ដូចជា​ទី ១.អាជ្ញាធរស្រុក ឃុំ សហគមន៍ និងសេវាករ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងសំរាម សំណល់រឹង ពិសេសសំរាមប្លាស្ទិកឱ្យបានល្អប្រសើរ នៅតាមឆ្នេរសមុទ្រនានានៃកោះកុងក្រៅ។

ទី២ ស្នើទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឱ្យមានការសិក្សាលើការតម្លើងអង់តែនប្រព័ន្ធទូរស័ព្ទ នៅកោះកុងក្រៅ និងទី៣ រាល់សេវាកម្មនានា នៅតាមឆ្នេរសមុទ្រ នៃកោះកុងក្រៅ ត្រូវឱ្យមានតម្លៃសមរម្យ និងចេញជាតារាងតម្លៃត្រឹមត្រូវ។

គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពជា ខេត្តកោះកុង ក៏បានបោះបង្គោលព័ត៍មាន ក្រមប្រតិបត្តិឆ្នេរសមុទ្រ Beach Code of Conduct និងស្នើសុំខាងក្រុមហ៊ុនសេវាកម្មទេសចរណ៍ ភ្ញៀវទេសចរ និងអ្នកមកលេងកម្សាន្តតាមបណ្តារឆ្នេរនានានៃកោះកុងក្រៅ សូមចូលរួមទុកដាក់សំរាមឱ្យបាមត្រឹមត្រូវ កាត់បន្ថយសំរាមប្លាស្ទិក និងអនុវត្តន៍ក្រមប្រតិបត្តិឆ្នេរសមុទ្រឱ្យបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here