Hattha top Banner

ធនាគារ ADB ត្រៀមជួយផ្តល់ហិរញ្ញវត្ថុដល់សហគ្រាស និងគាំទ្រមហិច្ឆតារបស់កម្ពុជា ក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) បានចូលរួមជាមួយកម្មវិធីហិរញ្ញវត្ថុ ខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ (TSCFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្ម សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

លោក ឌិត សុចល នាយកប្រតិបត្តិធនាគារ FTB  និងលោកស្រី Jyotsana Varma នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា  បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនៅរាជធានីភ្នំពេញ។

លោកស្រី Varma បានថ្លែងនៅក្នុងព្រឹត្តិការណ៍នោះថា “កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម អភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ដើម្បីលើកកម្ពស់ការចូលរួមរបស់វិស័យនេះ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា”។

លោកស្រីបានបន្ថែមថា “វានឹងបំពេញចន្លោះប្រហោង នៅក្នុងទីផ្សារ ដោយផ្តល់ហិរញ្ញប្បទានតាមរយៈធនាគារដៃគូ ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលតំណាងឱ្យប្រហែល៩៩ភាគរយ នៃសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា”។

លោកស្រីបញ្ជាក់ទៀតថា ក្នុងនាមជាធនាគារដៃគូរបស់កម្មវិធី TSCFP ធនាគារពាណិជ្ជកម្មក្រៅបរទេសនៃកម្ពុជា នឹងផ្តល់ការគាំទ្រដល់អតិថិជនជាសហគ្រិន និង MSME នៅកម្ពុជា ដោយអនុញ្ញាតឱ្យឧបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលចេញដោយFTB ទទួលបានការធានាឥណទានពីកម្មវិធី TSCFP ។ជាមួយគ្នានេះ លោក ឌិត សុចល បាននមានប្រសាសន៍ឱ្យដឹងថា ធនាគារ FTB បាននិងកំពុងធ្វើការជាមួយកម្មវិធី ADB រួចមកហើយ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួនក្នុងការសម្របសម្រួលពាណិជ្ជកម្ម។

លោកបន្ថែមថា កម្មវិធីនេះបានជួយកសាងសមត្ថភាពរបស់ធនាគារ FTB លើការរៀបចំរបាយការណ៍ ការអនុវត្តល្អ យុទ្ធសាស្រ្តច្នៃប្រឌិត ការបណ្តុះបណ្តាល និងការវាស់វែងការអនុវត្ត។

ដោយឡែក លោកស្រី Ratchel Thompson នាយិកាប្រតិបត្តិក្នុង ក្រុមប្រឹក្សាភិបាល ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្ដែងការគាំទ្រ មហិច្ឆតារបស់កម្ពុជា ក្នុងការបង្កើតបណ្តាញ អគ្គិសនីអាស៊ាន ក្នុងទស្សនៈចែករំលែក ការពារបរិស្ថាន និងបង្កើនសន្តិសុខថាមពលបៃតងរបស់អាស៊ាន។ការសម្ដែងការគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីនាយិកា ចូលជួបពិភាក្សាការងារ ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ក្នុងជំនួបនោះ លោកស្រី Ratchel Thompson បានវាយតម្លៃខ្ពស់លើគោលនយោបាយ និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាគ្រប់ទិសទី។

លើសពីនេះ លោកស្រីបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ លើភាពជាដៃគូរវាងធនាគារ ADB និងរដ្ឋាភិបាលកម្ពុជា ហើយប្តេជ្ញាបន្តការគាំទ្រ លើផែនការអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅកម្ពុជា៕ប្រភព៖ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here