Hattha top Banner

ការស្ថាបនាផ្លួវជាតិលេខ៣១កំពុងសម្រេចបានវឌ្ឍនភាព

0

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ និងធានាបានគុណភាពតាមស្តង់ដារបច្ចេកទេស។

ការចុះពិនិត្យស្ថានភាពផ្លូវនេះដឹកនាំដោយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។

ការចុះត្រួតពិនិត្យនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីតាមដានការងារបច្ចេកទេស សាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅ ស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គិតត្រឹមខែមករា ឆ្នាំ២០២៤ វឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ បានសម្រេចលទ្ធផលការងារសរុបប្រមាណ៤០% ក្នុងនោះមានដូចជា (១). ការងារសាងសង់តួថ្នល់ Sub-grade ៨៤,២៦%  (២). ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base  ៦៩,៩០% (៣). ស្រទាប់គ្រឹះសំរាំង Base-Course ៤៦.៤៦% (៤).ការងារសាងសង់លូមូល (Pipe Culvert) សម្រេចបាន ៨៧,៨៤%  និងការសាងសង់លូជ្រុង (Box Culvert) សម្រេចបាន៩០.៩១%។

ដោយឡែកផ្លូវវាងទីប្រជុំជនចំនួនពីរកន្លែង ទី១ នៅផ្សារអង្គរជ័យ ការសាងសង់សម្រេចបាន១៧% (កំពុងធ្វើការងារ Embankment) និងទី២ នៅផ្សារបន្ទាយមាស សម្រេចបាន៤៥%(កំពុងធ្វើការងារ Subbase ជាន់ទី២)។

ផ្លូវនេះមានប្រវែងសរុបប្រមាណប្រវែង៥៣,៥៣៩ គ.ម គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here